កាលពីថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង និង មូលនិធិ ម៉េងលី ជេ. គួច បានចូលរួម និងនាំយកសម្ភារសិក្សាចំនួន២៥០កញ្ចប់សម្រាប់ធ្វើការបរិច្ចាកទៅសិស្សានុសិស្សនៃសាលាបឋមសិក្សាភូមិ៧ ធ្វើឡើងនៅក្នុងបរវេណសាលាបឋមសិក្សាភូមិ៧ ស្ថិតក្នុងភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ គឺនៅពេលរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៧-២០១៨ និងប្រារព្ធទិវាគ្រូបង្រៀនផងដែរ។ លោក ទួន គីមស៊ីវុត នាយកសាលាបឋមសិក្សាភូមិ៧ បានលើកឡើងថា តាងនាមលោកជាគណៈគ្រប់គ្រងសាលាបឋមសិក្សាភូមិ៧ លោកពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងកោតសរសើរយ៉ាងខ្លាំងចំពោះមូលនិធិ ម៉េងលី ជេ. គួច ពិសេសលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នាយកប្រតិបត្តិនៃមូលនិធិ និងជាស្ថាបនិកនៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលតែងតែយកចិត្តទុកដាក់ ក៏ដូចជាចូលរួមឧបត្ថម្ភសម្ភារសិក្សាដល់សិស្សសាលារបស់លោកជារៀងរាល់ឆ្នាំសិក្សា ពិសេសគឺរៀងរាល់សាលាបឋមសិក្សាភូមិ៧ រៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី។ “សមានចិត្តដ៏គួរឱ្យស្ញប់ស្ញែងមួយនេះ គឺនឹងស្ថិតក្នុងចិត្តរបស់ខ្ញុំនិងសិស្សានុសិស្សរបស់ខ្ញុំជានិច្ច។ ដើម្បីជាការតបស្នងគុណ យើងខ្ញុំមានតែប្ដេជ្ញាចិត្ត និងពួតដៃគ្នាខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីឱ្យពួកគេទទួលបានចំណេះដឹងពិតប្រាកដ ហើយអាចយកទៅប្រើប្រាស់ក្នុងសង្គមបានប្រកបដោយប្រសិទ្ធភាពតែប៉ុណ្ណោះ។ ចុងក្រោយខ្ញុំសូមជូនពរលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ឱ្យមានសុខភាពល្អ ដើម្បីបន្តដឹកនាំវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ដូចជាមូលនិធិ បន្តទៀត”។ លោក ពុំ គឹមស៊ ប្រធានគម្រោងមូលនិធិ ម៉េងលី ជេ. គួច បានឱ្យដឹងថា ការណ៍ដែលមូលនិធិ ម៉េងលី ជេ. គួច តែងតែធ្វើសកម្មភាពសប្បុរសធម៌ក្នុងសង្គមយ៉ាងសស្រាក់សស្រាំ ពិសេសតែងតែយកចិត្តទុកដាក់ ក៏ដូចជាឧបត្ថម្ភសម្ភារសិក្សាដល់សាលារៀន និងសិស្សានុសិស្ស គឺដោយសារតែមូលនិធិចង់ចូលរួមចំណែកលើកវិស័យអប់រំកម្ពុជាឱ្យរីកចម្រើនខ្លាំង ពិសេសនោះមូលនិធិក៏ចង់លើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំរៀនសូត្រផងដែរ។ អត្ថបទ និងរូបភាពដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ
ចែករំលែកអត្ថបទនេះ