ដោយមើលឃើញពីកំណើននៃផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺផ្សេងៗ និងព្រួយបារម្ភពីទុក្ខធុរៈសុខុមាលភាពលោកគ្រូ អ្នកគ្រូ និងបុគ្គលិកទូទៅផង នៅរសៀលថ្ងៃទី៦តុលា កន្លងមកថ្មីៗនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការគ្នាជាមួយនឹងមន្ទីរពេទ្យ បារាំង-វៀតណាម (FV) បើកជា សិក្ខាសាលាមួយស្ដីពីជំងឺក្រពះនិងបំពង់ក ដើម្បីបញ្ជ្រាបចំណេះដឹងទាក់ទងនឹងប្រភេទជំងឺទាំងនេះ ជូនដល់បុគ្គលិកសិក្សាទូទៅប្រមាណជិត៣00នាក់ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា។ថ្លែងនាឱកាសបើកសិក្ខាសាលានោះ លោក រឿង សុភាព ចាងហ្វាងមធ្យមសិក្សាបឋមភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានលើកឡើងថា គណៈគ្រប់គ្រងសាលាឯកជនកូនកាត់មួយនេះ តែងព្រួយបារម្ភ និងយកចិត្តទុកដាក់ពីទុក្ខធុរៈសុខុមាលភាពបុគ្គលិកសិក្សា ទើបបានបង្កើតឱ្យមានសិក្ខាសាលានេះឡើងជារឿយៗ ដើម្បីលើកកម្ពស់សុខុមាលភាពបុគ្គលិកសិក្សាផង និងដើម្បីបញ្ជ្រាបចំណេះដឹងទូទៅដល់បុគ្គលិកក្នុងស្ថាប័នអប់រំមួយនេះ ឱ្យឈ្វេងយល់បានច្បាស់អំពីរោគសញ្ញា វិធីបង្ការ ការថែទាំងសុខភាពជាដើម ព្រោះសុខភាព ជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូបដែលយើងមិនគួរមើលរំលង។ផ្តើមចេញពីអង្គសិក្ខាសាលារយៈពេលជាង២ម៉ោង លោកវេជ្ជបណ្ឌិត វើក រ៉ាស៊ីម ជំនាញវេជ្ជសាស្រ្តទូទៅប្រចាំមន្ទីរទេព្យ បារាំង-វៀតណាម បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជំងឺក្រពះនិងបំពង់កហាក់ដូចជាកើតច្រើនចំពោះប្រជាជនខ្មែរ ដោយមួយផ្នែកនៃជំងឺទាំងនេះ គឺបណ្ដាលមកពីការទទួលទានចំណីអាហារដែលមានរសជាតិមុតៗ គ្មានអនាម័យ និងមានសារជាតិគីមីច្រើនលើសលុប។ ក្នុងនោះ ភេសជ្ជៈ សុរា និងស្រាបៀរ ដែលជាគ្រឿងស្រវឹងដ៏ពេញនិយមនៅកម្ពុជា រួមទាំងការពិសាម្លូស្លាផងនោះ បានជាប់ចោទជាភ្នាក់ងារចម្លង និងបង្កជំងឺទាំងនោះផងដែរ។ នៅចុងសិក្ខាសាលានោះ វាគ្មិនជំនាញវេជ្ជសាស្រ្តទូទៅរូបនេះ ក៏បានឆ្លៀតលើកសរសើរចំពោះម្ចាស់ស្ថាប័នអប់រំមួយនេះផងដែរ ដែលមានគំនិតចេះរិះរកមធ្យោបាយទំនាក់ទំនង ឬសហការជាមួយនឹងអង្គការ ស្ថាប័ននានា ដើម្បីបើកសិក្ខាសាលា វគ្គតម្រង់ទិស ឬវគ្គបណ្ដុះបណ្ដាលយ៉ាងសន្ធឹកសន្ធាប់ក្នុងការពង្រឹងចំណេះដឹងទាក់ទងទៅនឹងវេជ្ជសាស្រ្តទូទៅ ក៏ដូចចំណេះដឹងផ្សេងៗដល់បុគ្គលិកសិក្សារបស់ខ្លួន។គួរជម្រាបជូនថា គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង រមែងតែងតែរៀបចំសិក្ខាសាលាទាក់ទងនឹងសុខភាពផ្លូវចិត្ត ផ្លូវកាយជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យលោកគ្រូ អ្នកគ្រូ និងបុគ្គលិកទូទៅបានពិគ្រោះយោបល់លម្អិតទាក់ទងនឹងសុខភាពជាមួយនឹងវេជ្ជបណ្ឌិតជំនាញៗ ហើយគ្រាន់តែក្នុងកំលុងរយៈពេលពីរខែនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេងទុង បានរៀបចំសិក្ខាសាលាស្ដីពីសុខភាពទូទៅនេះជូនបុគ្គលិកសិក្សាបាន៣ដងរួមមកហើយ ដែលក្នុងនោះមានបុគ្គលិកជាង៧០០បានចូលរួម ក្រោមការសហការជាមួយមន្ទីរពេទ្យបារាំង-វៀតណាម (FV)។ នេះជាការបញ្ជាក់បន្ថែមរបស់លោក រឿង សុភាព ចាងហ្វាងមធ្យមសិក្សាបឋមភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង៕
ចែករំលែកអត្ថបទនេះ