កាលពីថ្ងៃទី២៨ ដល់២៩ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្ដរទ្វីប អាមេរិកាំង បានសហការ ជាមួយមន្ទីរព្យាបាលធ្មេញបស្ចិម បើកវគ្គសិក្ខាសាលាស្ដីពី “សុខភាពមាត់ធ្មេញ និងការថែទាំ” ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី២ ដល់ថ្នាក់ទី៦ វេនព្រឹក និងវេនរសៀល នៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង(ការិយាល័យកណ្តាល)។ លោកទន្តបណ្ឌិត នៃមន្ទីរព្យាបាលធ្មេញបស្ចិម មានប្រសាសន៍ដឹងដែរថា សុខភាពមាត់ធ្មេញជារឿងសំខាន់ ដូចនេះប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវដុសធ្មេញឱ្យបានញឹកញាប់ ត្រូវដុសធ្មេញ២ ទៅ៣ដងក្នុងមួយថ្ងៃ ដើម្បីសម្អាតកាកសំណល់ដែលនៅសល់កកតាមជើងធ្មេញក្រោយពេលបរិភោបចំណីអាហាររួច។ បើសិស្សានុសិស្សមានសុខភាពល្អនាំឱ្យមានសុខភាពទូទៅបានល្អ ជួយបង្កើនសោភ័ណភាពផ្ទៃមុខបានស្អាតទៀតផង។ ម្យ៉ាងទៀត យើងត្រូវទៅជួបគ្រូពេទ្យធ្មេញ២ ទៅ៣ដងក្នុងមួយឆ្នាំ ដើម្បីឱ្យគ្រូពេទ្យលាងសម្អាតធ្មេញរបស់យើង និងដើម្បីធ្វើការត្រួតពិនិត្យក្រែងមានដង្កូវស៊ី ឬបញ្ហាផ្សេងៗ ការធ្វើបែបនេះគឺដើម្បីកុំឱ្យធ្មេញរបស់យើងមានបញ្ហាធ្ងន់ធ្ងរ ត្រូវចំណាយប្រាក់ច្រើននាំឱ្យខាតបង់ សេដ្ឋកិច្ចគ្រួសារ និងខាតបង់ពេលវេលារៀនសូត្រជាដើម។ ទន្តបណ្ឌិតក៏បានបង្ហាញពីវិធីសាស្រ្តដើម្បីលើកកម្ពស់ការយល់ដឹងស្ដីពីសុខភាពមាត់ធ្មេញ និងការថែទាំធ្មេញឱ្យមានសុខភាពល្អ និងការយល់ដឹងអំពីវិធីសាស្រ្តងាយៗថែរក្សាអនាម័យសុខភាពមាត់ធ្មេញ និងការដុសសម្អាតធ្មេញ។ក្រោយពីចប់ការបង្ហាញ និងការអនុវត្តផ្ទាល់រួចមករួចមកសិស្សានុសិស្សបានយល់ដឹងពីរបៀបនៃការដុសធ្មេញ និងទទួលបានការណែនាំពីការថែទាំសុខភាពមាត់ធ្មេញឱ្យមានអនាម័យ ពិសេស ពួកគេយកចិត្តទុកដាក់លើសុខភាពមាត់ធ្មេញបន្ថែមទៀត។
ចែករំលែកអត្ថបទនេះ