បេក្ខជនចំនួន២០០នាក់ ក្នុងចំណោម១៩ វិទ្យាល័យរដ្ឋ និងឯកជន ដែលមកពីបណ្ដាខេត្ត និងរាជធានី កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ បានប្រកួតកីឡាអត្តពលកម្ម៨វិញ្ញាសាផ្សេងៗគ្នាយ៉ាងស្វិតស្វាញ ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក។ វិញ្ញាសាប្រកួតកីឡាអត្តពលកម្ម ប្រចាំឆ្នាំសិក្សា២០១៧-២០១៨ នោះមានដូចជាទី១ រត់១០០ម៉ែត្រ នារី និងបុរស។ ទី២ លោតចម្ងាយ នារី និងបុរស។ ទី៣ លោតកម្ពស់នារី និងបុរស។ ទី៤ ចោលដុំដែកនារី និងបុរស។ ទី៥ រត់៣គីឡូម៉ែត្រ នារី។ ទី៦ រត់៥គីឡូម៉ែត្រ បុរស។ ទី៧ ដើរ៤គីឡូម៉ែត្រនារី និងទី៨ ដើរ៨គីឡូម៉ែត្របុរស។ លោកគ្រូ សែម ពេជ្រ នាយកកីឡា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានឱ្យដឹងថា ក្នុងចំណោមបេក្ខជនជាប់ជើងឯកកីឡាអត្តពលកម្ម ប្រចាំឆ្នាំសិក្សា២០១៧-២០១៨ នេះ មានបេក្ខជនជាសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដណ្ដើមជើងឯករាជធានីភ្នំពេញចំនួន៦រូបផងដែរ។ ក្នុងចំណោម៦រូបនោះ លេខ១ ផ្នែកលោតកម្ពស់ បានទៅលើយុវតីឈ្មោះ វ៉ាំង សិរីរក្សា ថ្នាក់ទី១០ មកពីសាខាម៉ៅសេទុង។ លេខ២ ផ្នែកលោតចម្ងាយ បានទៅលើយុវសិស្សឈ្មោះ ស៊ុនលី ច័ន្ទសិទ្ធា ថ្នាក់ទី១២ មកពីសាខាទួលគោក។លោកបន្ថែមថា លេខ៣ ផ្នែករត់១០០ម៉ែត្រ បានទៅលើបេក្ខនារីឈ្មោះ វ៉ា រស្មី ថ្នាក់ទី១២ មកពីសាខាទួលគោក។ លេខ៣ ផ្នែកដើរ៤ គីឡូម៉ែត្រ បានទៅលើកីឡាការិនីថ្នាក់ទី១០ ឈ្មោះ សែ ច័ន្ទចរណៃ មកពីសាខាទួលគោក។ លេខ៤ ផ្នែករត់៣ គីឡូម៉ែត្រ បានទៅបេក្ខនារីថ្នាក់ទី១២ ឈ្មោះ សែ ពេជ្ររចនា មកពីសាខាទទួលគោក និងចំណាត់ថ្នាក់លេខ៤ ផ្នែករត់៤ គីឡូម៉ែត្រ បានទៅកីឡាករថ្នាក់ទី១០ ឈ្មោះ ឆេង គីមឡុង មកពីសាខាម៉ៅសេទុង។កម្មវិធីនៃការប្រកួតកីឡាសម្រាប់សិស្សមធ្យមសិក្សាទុតិយភូមិ ប្រចាំឆ្នាំសិក្សា២០១៧-២០១៨ នេះ ត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។ បេក្ខជន បេក្ខនារី ដែលទទួលជ័យលាភីលេខ១ ទទួលបានបណ្ណសរសើរ និងថវិកាចំនួន១០០០០០រៀល។ លេខ២ ទទួលបានបណ្ណសរសើរ និងថវិកា៨០០០០រៀល។ លេខ៣ ទទួលបានបណ្ណសរសើរ និងថវិកាចំនួន៦០០០០រៀល និងលេខ៤ ទទួលបានបណ្ណសរសើរ និងថវិកាចំនួន៤០០០០រៀល។ អត្ថបទដកស្រង់ពីអ៊ីនធ័រខន រ៉ូស្ទ័រ
ចែករំលែកអត្ថបទនេះ