បន្ទាប់ពីទទួលជ័យលាភីលើការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានីភ្នំពេញកាលពីកន្លងទៅនោះ នៅថ្ងៃទី២៥ មេសានេះ សិស្សពូកែប្រចាំរាជធានីថ្នាក់ទី៩ ពីររូបមកពីសាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលរួមប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសនៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង។ក្នុងចំណោមបេក្ខជនចូលប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសលើកនេះ យុវសិស្សមកពីសាលារៀន អន្តរទ្វីប អាមេរិកាំង ដោយម្នាក់មានឈ្មោះ លឹម ឆេងហ៊ុយ ជាបេក្ខជនថ្នាក់ទី៩ ធ្លាប់ទទួលចំណាត់ថ្នាក់លេខ៣ ក្នុងការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានីភ្នំពេញលើមុខវិជ្ជារូបវិទ្យា និងយុវសិស្សម្នាក់ទៀតមានឈ្មោះ រាត់ កំរងវិរៈយុត្តជាបេក្ខជនថ្នាក់ទី៩ ទទួលចំណាត់ថ្នាក់លេខ៤ លើមុខវិជ្ជាគណិតវិទ្យាផងដែរ។ សូមជម្រាបជូនថា សម័យប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសលើកនេះ រួមមានការប្រឡងជ្រើសរើសសិស្សពូកែផ្នែកអក្សរសាស្រ្ត គណិតវិទ្យា និងរូបវិទ្យាសម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលបានចាប់ផ្តើមបើកពិធីនាថ្ងៃទី២៥ មេសា វេលាម៉ោង៦និង៣០នាទី នៅវិទ្យាល័យព្រះមុនីរង្ស ខេត្តដំបង ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ដោយឡែកពិធីបិទ និងចែករង្វាន់ដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេសនឹងប្រព្រឹត្តនៅ ថ្ងៃទី១ ឧសភា នៅវេលាម៉ោង២និង៣០នាទីរសៀលនៅវិទ្យាល័យព្រះមុនីរង្ស ខេត្តដំបងដដែល ក្រោមអធិបតីភាពបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕
អត្ថបទនិងរូបភាពយកមកពីសារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ