កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការពិសោធមុខវិជ្ជាគីមីវិទ្យាក្រោមប្រធានបទ រូបធាតុនៃទឹកនិងវិធីច្រោះ ជូនដល់សិស្សានុសិស្សថ្នាក់៤ នៅបន្ទប់ពិសោធ ដែលដឹកនាំពិសោធដោយអ្នកគ្រូ វុន ចន្ថាវី។ នៅក្នុងសកម្មភាពបង្រៀននោះ អ្នកគ្រូបានលើកយកចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងពីគោលបំណងនៃមេរៀន ដំណើរការនានានៃការពិសោធ និងសម្ភារពិសោធ។ លើសពីនេះអ្នកគ្រូបានបង្ហាញពីវិធីរូបធាតុនៃទឹក និងវិធីច្រោះដូចជា ភាពរូបរបស់ទឹក រឹង រាវ និងឧស័ន្ម ក្លាយជារំហួត កំណញើស។ បន្ទាប់មក អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលនៅតាមក្រុមពិសោធនីមួយៗមានសមាជិកដើម្បីពិសោធដោយផ្ទាល់ទៅលើរូបធាតុនៃទឹកនិងវិធីច្រោះ។ អ្នកគ្រូបានបន្តថាមុខវិជ្ជាវិទ្យាសាស្រ្តមិនត្រឹមតែមានខ្លឹមសារផ្សារភ្ជាប់នឹងការអនុវត្តទៅតាមទ្រឹស្ដីមេរៀនប៉ុណ្ណោះទេ តែក៏ជាតម្រូវការនៃចំណេះដឹង ដែលសិស្សានុសិស្សកំពុងទាមទារក្នុងការរៀនសូត្រផងដែរ ហើយអ្វីរឹតតែពិសេសជាងនេះទៅទៀតនោះ ពិសោធន៍អាចជាផ្នែកដ៏សំខាន់មួយទាក់ទាញចំណាប់អារម្មណ៍សិស្សានុសិស្សឱ្យចូលចិត្តរៀនសូត្រ។ ក្រោយពីបានពិសោធន៍រួចរាល់ សិស្សានុសិស្សបានលើកឡើងជាសំណួរសួរទៅកាន់អ្នកគ្រូ ហើយអ្នកគ្រូក៏បានពន្យល់បន្ថែមទៀតដល់សិស្សានុសិស្សអំពីទ្រឹស្តីល្អៗក្នុងរូបធាតុនៃទឹកនិងវិធីច្រោះ។ ជាមួយគ្នានេះក្រោយពេលពិសោធចប់សព្វគ្រប់ សិស្សានុសិស្សមានភាពសប្បាយរីករាយដោយបានស្វែងយល់ពីទ្រឹស្តីមេរៀន ព្រមទាំងអនុវត្តពិសោធបានយ៉ាងល្អហើយក៏បានថតរូបអនុស្សាវរីយ៍ជាមួយគ្នាក្នុងបរិយាកាសរីករាយ។សកម្មភាពពិសោធរបស់សិស្សថ្នាក់ទី៤
ចែករំលែកអត្ថបទនេះ