កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ អ្នកគ្រូអ៊ុយ បញ្ញានិមល បានដឹកនាំសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ធ្វើពិសោធស្តីអំពីការសង្កេតមើលខួរក្បាលជ្រូក លើមុខវិជ្ជាជីវវិទ្យា។ នៅក្នុងសកម្មភាពបង្រៀននោះ អ្នកគ្រូ បានលើកយកចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងពីគោលបំណងនៃមេរៀន ដំណើរការនានានៃការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធសម្រាប់ពិសោធទៅលើការវះកាត់មើលខួរក្បាលជ្រូក។ លើសពីនេះ អ្នកគ្រូ បានបង្ហាញពីសម្ភារពិសោធនានាដូចជា ខួរជ្រូក កាំបិត ជ្រុញ ថាស ដង្កៀប។ ការលើកបង្ហាញបែបនេះ គឺអ្នកគ្រូចង់បង្ហាញពីរបៀបពិសោធ ដំណើរការនៃការពិសោធ និងបានបង្ហាញឱ្យសិស្សស្គាល់ពីសម្ភារនានាសម្រាប់យកទៅពិសោធបានកាន់តែច្បាស់ ហើយក៏ដើម្បីឱ្យសិស្សបានសិក្សាស្វែងយល់អំពីរបៀបពិសោធទៅលើការវះកាត់ខួរក្បាលជ្រូក។ បន្ទាប់មកអ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុម ដែលនៅតាមក្រុមពិសោធនីមួយៗមានសមាជិកចំនួន០៤ទៅ០៥នាក់ ដើម្បីពិសោធដោយផ្ទាល់ទៅលើការសង្កេតខួរក្បាលជ្រូក។ ការពិសោធនាពេលនេះសំដៅដល់ការស្វែងរកឱ្យឃើញការពិតតាមទ្រឹស្ដីមេរៀន ហើយការពិសោធសម្រាប់ថ្នាក់ចំណេះទូទៅពុំមែន ធ្វើស៊ីជម្រៅខ្លាំងដូចអ្នកជំនាញនោះទេ តែអាចចាត់ទុកថា ពិសោធរកអ្វីដែលមាននៅក្នុងទ្រឹស្ដីមេរៀន។ អ្នកគ្រូបានបន្តថា មុខវិជ្ជាវិទ្យាសាស្រ្តមិនត្រឹមតែមានខ្លឹមសារផ្សាភ្ជាប់នឹងការអនុវត្តទៅតាមទ្រឹស្ដីមេរៀនប៉ុណ្ណោះទេ តែក៏ជាតម្រូវការនៃចំណេះដឹង ដែលសិស្សានុសិស្សកំពុងទាមទារក្នុងការរៀនសូត្រផងដែរ ហើយអ្វីរឹតតែពិសេសជាងនេះទៅទៀតនោះ ពិសោធន៍អាចជាផ្នែកដ៏សំខាន់មួយទាក់ទាញចំណាប់អារម្មណ៍សិស្សានុសិស្សឱ្យចូលចិត្តរៀនសូត្រ។
ចែករំលែកអត្ថបទនេះ