កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ គណកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្ស កុមារា ថាវរៈ ប៊ុណ្ណវឌ្ឍនៈ សិស្សថ្នាក់ទី៦ “ឃ” និងយុវសិស្ស ថៃ ឈីច សិស្សថ្នាក់ទី១០ “ខ” នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានទទួលវិញ្ញាបនបត្របញ្ជាក់ពីការប្រឡងជាប់ជ័យលាភីក្នុងកម្មវិធីប្រឡង ស៊ូកេន តេស្ដ (SUKEN – TEST) ក្រោមអធិបតីភាពលោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ការទទួលវិញ្ញាបនបត្រនេះ ធ្វើឡើងនៅឯសាលនៃក្រសួងអប់រំ យុវជន និងកីឡា ដោយមានសិស្សានុសិស្ស និងអាណាព្យាបាលសិស្សចូលរួមយ៉ាងច្រើនកុះករ។នាឱកាសប្រគល់វិញ្ញាបនបត្រនោះ លោក អឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា លោកពិតជាមានមោទនភាព និងសេចក្ដីស្ញើចសរសើរយ៉ាងក្រៃលែងចំពោះសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមប្រឡងប្រជែងក្នុងកម្មវិធីប្រឡង ស៊ូកេន តេស្ដ ដែលរៀបចំឡើងដោយ STEAM។ លោកមានប្រសាសន៍បន្តថា សិស្សានុសិស្សដែលជាម្ចាស់ជ័យលាភីក្នុងកម្មវិធីនេះទាំង៧៦នាក់ ក្នុងចំណោមបេក្ខជនប្រឡងសរុប៤៨៧នាក់ គឺសុទ្ធតែពោរពេញទៅដោយចំណេះដឹងផ្នែកគណិតវិទ្យាយ៉ាងពិតប្រាកដ។ ដូច្នេះ ប្រសិនបើពួកគេបន្តសិក្សាថ្នាក់មហាវិទ្យាល័យ ដោយជ្រើសរើសជំនាញត្រឹមត្រូវ ជំនាញដែលទីផ្សារកំពុងតែត្រូវការ នោះពួកគេនឹងមានឱកាសធ្វើការងារល្អៗ និងទទួលបានប្រាក់ខែខ្ពស់ជាក់ជាពុំខាន។ក្នុងឱកាសនោះដែរ កុមារា ថាវរៈ ប៊ុណ្ណវឌ្ឍនៈ និងយុវសិស្ស ថៃ ឈីច បានសម្ដែងចំណាប់អារម្មណ៍ជុំវិញជ័យលាភីរបស់ខ្លួនថា ប្អូនពិតជាមានអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពខ្លាំងមែនទែន ដែលជាប់ឈ្មោះជាបេក្ខជនជ័យលាភីពីកម្មវិធីប្រឡង ស៊ូកេន តេស្ដ។ បេក្ខជនជ័យលាភីទាំង២រូបនេះបន្តថ្លែងថា ជ័យលាភីនេះមិនត្រឹមតែទទួលបានវិញ្ញាបនបត្រមួយសន្លឹកប៉ុណ្ណោះទេ តែថែមទាំងទទួលបានបទពិសោធ ភាពក្លាហាន និងចំណេះដឹងយ៉ាងច្រើនទៀតផង។ “ជ័យលាភីនេះ ពុំមែនកើតឡើងដោយចៃដន្យនោះទេ ពោលគឺកើតចេញពីសមត្ថភាពពិតៗ។ មានន័យថា មុនពេលថ្ងៃប្រឡងមកដល់ ពួកយើងបានត្រៀមខ្លួនជាស្រេច ពិសេសទៀតនោះពួកយើងបានទិញសៀវភៅលំហាត់ពីកម្មវិធីមករៀនដោះស្រាយ និងគណនាយ៉ាងលម្អិត”។ សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានសិស្សានុសិស្សទទួលបានជ័យលាភីលំដាប់ថ្នាក់អន្តរជាតិ ពីកម្មវិធីប្រឡង ស៊ូកេន តេស្ដ (SUKEN-TEST) នេះ។ លទ្ធផលនេះឆ្លុះបញ្ចាំងឱ្យឃើញថា សមត្ថភាពផ្នែកគណិតវិទ្យារបស់សិស្សយើងគឺមិនចាញ់សិស្សបរទេសនោះទេ ពោលគឺអាចប្រកួតប្រជែងគ្នាបាន។
ចែករំលែកអត្ថបទនេះ