កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ តំណាងគណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សានុសិស្សថ្នាក់បឋម៥នាក់ ចូលរួមប្រកួតប្រជែងស្ទែមកម្ពុជាក្នុងវគ្គផ្តាច់ព្រ័ត្រនេះដែរក្នុងចំណោមបេក្ខជនចូលរួមប្រកួតប្រមាណ៥០នាក់ ដែលជាសិស្សថ្នាក់បឋមសិក្សាមកពីបណ្តាសាលារដ្ឋ និងឯកជនចំនួន១០។
កាលដឹកនាំសិស្សានុសិស្សចូលរួមប្រកួតប្រជែងខាងផ្នែកល្បងបញ្ញាទាក់ទងនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា គឺដើម្បីជំរុញឱ្យសិស្សរៀនអំពីដំណើរការធ្វើគម្រោងផ្នែកវិស្វកម្ម ចេះដោះស្រាយបញ្ហាតាមរយៈការសហការគ្នាអនុវត្តផ្ទាល់អំពីផ្នែកវិទ្យាសាស្រ្ត និងទទួលបានចំណេះដឹងមូលដ្ឋានគ្រឹះពីជំនាញស្ទែមផងដែរ។
ជាមួយគ្នានេះពួកគេនឹងទទួលបានបទពិសោធល្អៗ បង្កើនភាពឈ្លាសវៃព្រមទាំងយល់ពីវិធីសាស្ត្ររៀបចំគម្រោងផ្នែកវិស្វកម្ម និងចេះសាមគ្គីគ្នាជាធ្លុងមួយផងដែរ។ មុខវិជ្ជាស្ទែម គឺជាប្រធានបទមួយដែលរួមបញ្ចូល៤ជំនាញផ្សេងគ្នា គឺជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងជំនាញគណិតវិទ្យា។
ដើម្បីជាការលើកទឹកចិត្តដល់ប្អូនៗដែលបានចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ប្រធានសម្របសម្រួលស្ទែមប្រចាំមជ្ឈមណ្ឌល ឃីត ស៊ីធី បានបញ្ជាក់ថា សម្រាប់អ្នកទទួលជ័យលាភីលេខ១ នឹងទទួលបាន១ពាន់ដុល្លារ ជ័យលាភីលេខ២ទទួលបាន៦៥០ដុល្លារ និងជ័យលាភីលេខ៣ទទួលបាន៣៥០ដុល្លារ។ ក្រៅពីទឹកប្រាក់លើកទឹកចិត្តនេះ អ្នកទទួលជ័យលាភីចាប់ពីលេខ១ ដល់លេខ៣ ក៏ទទួលបានពានរង្វាន់មេដាយ និងវត្ថុអនុស្សាវរីយផ្សេងៗមួយចំនួនទៀត។