កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ សិស្សានុសិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង ចំនួន៩រូប ដែលបានឈ្នះមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ ពីកម្មវិធីប្រកួតប្រជែងដណ្តើមយកជ័យលាភី “គណិតវិទ្យាអូឡាំព្យាដនៃប្រទេសសិង្ហបុរី និងសាលាផ្សេងៗក្នុងតំបន់អាស៊ាន” ឬជាភាសាអង់គ្លេស “Singapore and Asian School Math Olympiad (SASMO)” ។ ហើយក្នុងនោះរួមមាន ឡេង សុគន្ធារី សិស្សថ្នាក់ទី២ ឈ្នះមេដាយមាស, សម្បត្តិ សិរីកា សិស្សថ្នាក់ទី៣ ឈ្នះមេដាយប្រាក់, ដាន គីមហុង សិស្សថ្នាក់ទី៣ ឈ្នះមេដាយប្រាក់, ជាសុខបញ្ញារ័ត្ន សិស្សថ្នាក់ទី៣ ឈ្នះមេដាយសំរឹទ្ធ, គី ទីពូល សិស្សថ្នាក់ទី៥ ឈ្នះមេដាយសំរឹទ្ធ, លី បញ្ញាវឌ្ឍ សិស្សថ្នាក់ទី៦ ឈ្នះមេដាយប្រាក់, ឈន វណ្ណារី សិស្សថ្នាក់ទី៦ ឈ្នះមេដាយសំរឹទ្ធ, រៀម ចន្ទសុវត្ថិ សិស្សថ្នាក់ទី១០ ឈ្នះមេដាយមាស, និង ងី វីរៈសូឡា សិស្សថ្នាក់ទី១០ ឈ្នះមេដាយមាសផងដែរ។ កម្មវិធីប្រកួតប្រជែងដណ្តើមជ័យលាភី “គណិតវិទ្យាអូឡាំព្យាដរបស់ប្រទេសសិង្ហបុរីនិងសាលាផ្សេងៗក្នុងតំបន់អាស៊ាន” សហការរៀបចំដោយស្ទែម (STEM) កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សងាកមកចាប់អារម្មណ៍ក្នុងការសិក្សាគណិតវិទ្យាដោយផ្សារភ្ជាប់ជាមួយនឹងការចេះដោះស្រាយបញ្ហា ក៏ដូចជាដោះស្រាយលំហាត់ក្នុងមេរៀនប្រកបដោយគុណភាពខ្ពស់ ហើយម្យ៉ាងអាចនិយាយបានថាកម្មវិធីប្រកួតដណ្តើមជ័យលាភីគណិតវិទ្យាអូឡាំព្យាដនេះ ក៏មានចេតនាអភិវឌ្ឍចំណេះដឹងលើវិស័យអប់រំវិទ្យាសាស្រ្តដល់សិស្សផងដែរ។
ជាងនេះទៅទៀត គឺដើម្បីឱ្យសិស្សានុសិស្សបានឈ្វេងយល់ពីសារៈសំខាន់នៃគណិតវិទ្យាក្នុងជីវិតរស់នៅប្រចាំថ្ងៃផងដែរ។ ក្នុងចំណោមបេក្ខភាពដែលបានចូលរួមប្រកួតនោះ អង្គការស្ទែមកម្ពុជា នឹងជ្រើសរើសបេក្ខភាពដែលទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេ៣រូប ដើម្បីចេញទៅចូលរួមប្រកួតដណ្តើមជ័យលាភីនេះ នៅប្រទេសសិង្ហបុរីតំណាងកម្ពុជាបន្តទៀត។ ក៏ប៉ុន្តែស្ទែមកម្ពុជាពុំទាន់បានបញ្ជាក់ថា បេក្ខភាពរូបណាដែលនឹងអាចចូលរួមប្រកួតដណ្តើមជ័យលាភី នៅប្រទេសសិង្ហបុរីបន្តទៀតនៅឡើយទេ៕
អត្ថបទ និងរូបភាពដកស្រង់ចេញពីសារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ