អត្ថបទព័ត៌មានស្តីពីសហគមន៍ និងរបៀបរស់នៅ
ក្រោមប្រធានបទ “របៀបរស់នៅប្រកបដោយសុភមង្គលផ្លូវកាយ និងផ្លូវចិត្ត”
អត្ថបទដោយ : សាត សារឿន
មនុស្សគ្រប់ជាតិសាសន៍ ដែលមានជីវិតរស់នៅលើលោកយើងនេះ ទោះបីប្រណិប័តន៍នូវសាសនាណាមួយក្តី ក៏គេម្នាក់ៗមានបំណងប្រាថ្នារួមគ្នាមួយ គឺការចង់បានជោគជ័យក្នុងដំណើរជីវិតរបស់ពួកគេ រស់នៅសុខកាយ សប្បាយចិត្ត។ ដោយឡែក
ការប្រព្រឹត្តិប្រចាំថ្ងៃរបស់ពួកគេភាគច្រើនពុំសូវបានគិតដល់ផលប៉ះពាល់ផ្សេងៗចំពោះមនុស្សដែលរស់នៅជុំវិញខ្លួនឡើយ។ ទង្វើបែបនេះ សេចក្តីសុខពិតប្រាកដអាច កើតមានបានរបៀបណានៅក្នុងក្រុមគ្រួសារ ក៏ដូចនៅតាមសហគមន៍? តើយើងត្រូវស្វែងយល់ព័ត៌មាន បែបណាខ្លះ ដើម្បីអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាព?

ជាក់ស្តែង មានមនុស្សច្រើននាក់ណាស់ដែលមានវិបត្តិទាំងផ្លូវកាយ និងផ្លូវចិត្ត មិនថាមានជីវភាព ស្ថិតក្នុងកម្រិតណា។ ទាំងនេះ អាចមកពីចំណេះដឹងទូទៅនៅមានកម្រិត ឬមិនបានគិតដល់ពីតម្រូវការដ៏ ពិតប្រាកដរបស់អ្នកជុំវិញខ្លួន នោះបន្តទៅដល់ការគិត និងការសម្រេចចិត្តពុំបានត្រឹមមត្រូវ។ សុខភាពផ្លូវកាយ និងផ្លូវចិត្ត ជាកត្តាចាំបាប់ដែលមិនអាចមើលរំលងបាន បើបានមើលរំលងផុតទៅហើយ ក៏មិន អាចកែខៃក្នុងរយៈពេលដ៏ខ្លីបានដែរ ការស្វែងរកសុភមង្គលក្នុងគ្រួសារពុំមែនជាការងារងាយស្រួល ហើយក៏មិនលំបាកអ្វីដែរបើយើងបានយល់ និងអនុវត្តជាប្រចាំ និងតាមលំដាប់លំដោយរាប់ចេញពីការ ជួបគ្នាដំបូង រហូតដល់ទីបញ្ចប់ដែលអាចធ្វើបាននូវចំណុចដូចខាងក្រោម៖
– ព្យាយាមគិតត្រូវតាមលំនាំនៃហេតុ និងផល។
– បង្កើនភាពរួសរាយរាក់ មិនរើសអើងអ្នកផងទាំងពួងដោយក្តីស្រឡាញ់។
– ចៀសវាងការចាប់កំហុសអ្នកដ៏ទៃ ជំនួសដោយការពន្យល់ និងបង្ហាញលទ្ធផល។
– បង្កើតភាពស្មោះត្រង់ចេញពីចិត្តដល់មនុស្សជុំវិញខ្លួនដោយអំពើល្អ។
– បង្កើនការលើកទឹកចិត្តដល់មនុស្សនៅជុំវិញខ្លួនឱ្យបានច្រើនជាងការកែតម្រូវ។
– បង្កើនការយល់អធ្យាស្រ័យដល់អ្នកជុំវិញខ្លួន ឱ្យបានកម្រិតខ្ពស់តាមដែលអាចធ្វើបាន។
– គ្រប់គ្រងអារម្មណ៍ឱ្យបានល្អទៅតាមពេលវេលា និងកន្លែងដោយភាពថ្លៃថ្នូរ។
– រៀនសូត្រពីមុស្សជុំវិញខ្លួន គ្រប់ពេលវេលា និងទីកន្លែង ឯកំហុសត្រូវចាត់ទុកជាបទពិសោធន៍។
– ការលំបាកត្រូវស៊ូ ធ្វើជាម្ចាស់ ត្រូវយកឈ្នះលើខ្លួនឯងដោយភាពរីករាយ។
– បង្កើតភាពស្និទ្ធស្នាលដោយអំពើល្អ នោះញាតិមិត្តជុំវិញខ្លួនអាចជារបងជួយការពារ។
– រាល់ឧបសគ្គ ត្រូវគិតតែចំណុចវិជ្ជមាន នោះផលដែលទទួលបានក៏វជ្ជមាន។
– សេចក្តីព្យាយាម និងភាពអត់ធ្មត់ត្រូវអន្ទោលតាមប្រាណគ្រប់ពេលវេលា ដោយការពេញចិត្ត។
ចំណុចវិជ្ជមានខាងលើ ពិតជានាំមកនូវជិវភាពធូរធារ និងសុភមង្គលទាំងផ្លូវកាយ និងចិត្ត មិនថាសង្គមគ្រួសារ ឬសហគមន៍ការងារឡើយ។
ដោយឡែក មានអ្នកសមត្ថភាពខ្ពស់ មានជីវភាពល្អប្រសើច្រើននាក់ណាស់ ដែលភ្លេចខ្លួនយល់ថា ខ្លួនជាមនុស្សអស្ចារ្យមិនខ្វល់ពីផលប៉ះពាល់នានារបស់អ្នកជុំវិញខ្លួនដូចជា៖
– អ្នកដទៃជាមនុស្សអន់ មិនស្នើនឹងខ្លួន។
– រាល់ការគិតរបស់ខ្លួនសុទ្ធតែត្រឹមត្រូវគ្មានហេតុផល។
– ប្រើអំណាចទៅលើមនុស្សជុំវិញខ្លួន មិនខ្វល់។
– ប្រើលុយជាមធ្យោយដោះស្រាយបញ្ហា គ្មានមនោសញ្ចេតនា។
– ទង្វើមិនមានការយល់អធ្យាស្រ័យជាមួយអ្នកជុំវិញខ្លួន។
– រើសអើងអ្នកដទៃ ឆ្មើងឆ្មៃ។
ហេតុផលខាងលើ ជាការប្រមូលផ្តុំផលអវិជ្ជមានដល់ការរស់នៅពោរពេញដោយស្រមោលខ្មៅ គ្មានសេចក្តីសុខពិតប្រាកដ អ្នកនៅជុំវិញខ្លួនខ្លាច និងគោរពតែនៅចំពោះមុខ អាចទទួលបរាជ័យនៅពេលមួយមិនទៀងទាត់។