
ក្រោមប្រធានបទ “វិធីសាស្រ្ត៥យ៉ាងដែលត្រូវធ្វើនៅថ្ងៃនេះដើម្បីសុខភាពល្អនៅថ្ងៃស្អែក”
អត្ថបទដោយ : ប៉ែន មាលតី
ការវិនិយោគលើបញ្ហាសុខភាពរបស់អ្នកក្នុងពេលដែលអ្នកនៅវ័យក្មេង គឺដូចទៅនឹងការវិនិយោគទុនផ្នែកហិរញ្ញវត្ថុក្នុងដំណាក់កាលដំបូងនៃឆាកជីវិតផងដែរ។ អ្នកត្រូវចាប់ផ្ដើមដើម្បីសម្រេចឱ្យនូវបានគោលដៅរបស់ខ្លួន ហើយលទ្ធផលនឹងកើតមាននៅពេលអនាគត។ តើមានវិធីសាស្រ្តអ្វីខ្លះដែលអ្នកអាចធ្វើបាននៅថ្ងៃនេះ ដើម្បីទ្រទ្រង់សុខភាពរបស់អ្នក ដើម្បីទទួលបានផលកាន់តែល្អនៅថ្ងៃអនាគត?
ដោយមិនគិតអំពីកម្រិតនៃសកម្មភាពរាងកាយ ភេទ ឬរបៀបរស់នៅរបស់អ្នកក្នុងពេលបច្ចុប្បន្ន ទាំងនេះជាវិធីសាស្រ្តប្រាំយ៉ាង ដែលអ្នកអាចធ្វើនៅថ្ងៃនេះ ដើម្បីសុខភាពល្អ និងធ្វើឱ្យអ្នកមានរាងកាយកាន់តែល្អប្រសើរក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៖
១. ជ្រើសរើសម្ហូបអាហារដែលផ្ដល់ផលល្អដល់សុខភាព
ការចូលចិត្តញ៉ាំ និងកង្វះការធ្វើលំហាត់ប្រាណអាចបណ្ដាលឱ្យប្រទេសយើងក្លាយជាប្រទេសមួយដែលមានមនុស្សធាត់ដុះក្បាលពោះបំផុតនៅអាស៊ី ជាមួយនឹងមធ្យមភាគ១៣,៣%។ ភាពធាត់ដុះក្បាលពុះ គឺជាស្ថានភាពមួយប្រមូលផ្ដុំដោយជំងឺជាច្រើនប្រភេទសម្រាប់សុខភាពដូចជា ជំងឺលើសឈាម ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ទឹកនោមផ្អែម ក្នុងចំណោមជំងឺផ្សេងៗទៀត។ អ្វីដែលអ្នកអាចធ្វើនៅថ្ងៃនេះ ដើម្បីធានាថាថ្ងៃស្អែកសុខភាពរបស់អ្នកនឹងល្អប្រសើរនោះ គឺការប្រយ័ត្នប្រយែងទៅនឹងរបបអាហាររបស់អ្នក។ ជ្រើសរើសអាហារដែលផ្ដល់ផលល្អដល់សុខភាពនៅក្នុងមុខម្ហូបប្រចាំថ្ងៃរបស់អ្នកដោយទទួលទានបន្លែ និងផ្លែឈើស្រស់ៗឱ្យបានច្រើន កាត់បន្ថយសាច់ ស្ករ និងអាហារចៀន។ ប្រសិនបើអ្នកមានបំណង បង្កើនអាហារប្រឆាំងអុកស៊ីតកម្ម អ្នកត្រូវទទួលទានផ្លែឈើ និងបន្លែចម្រុះឱ្យបានច្រើន (ពី៧ ទៅ១០ មុខជារៀងរាល់ថ្ងៃ) ជាជាងការពឹងផ្អែកលើសារជាតិបន្ថែមសម្រាប់អាហារតែមួយនោះ។ ការធ្វើម្ហូបដោយខ្លួនឯង ជាជាងការញ៉ាំនៅក្រៅ ក៏ជាភស្តុតាងបញ្ជាក់ ដើម្បីជួយឱ្យមនុស្សរក្សាបានទម្ងន់ឋេរមួយ ឬជាវិធីសាស្រ្តបញ្ចុះទម្ងន់ដែលកាន់តែមានប្រសិទ្ធភាពមួយ។
២. ជ្រើសរើសការហាត់ប្រាណ ឬការធ្វើចលនារាងកាយបែបណាមួយ
ដំណើរការរំលាយអាហារក្នុងរាងកាយកាន់តែចុះខ្សោយនៅពេលយើងឈានចូលវ័យចំណាស់ ដូចនេះវិធីសាស្រ្តតែមួយគត់ក្នុងការបង្កើនល្បឿននៃការរំលាយអាហារ គឺការហាត់ប្រាណ។ ដំណើរការរំលាយអាហារឡើងដល់កម្រិតកំពូលនៅពេលអ្នកមានអាយុប្រហែល២៥ឆ្នាំ បន្ទាប់មកវាក៏ចាប់ផ្ដើមធ្លាក់ចុះបន្តិចម្ដងៗ។ បន្ទាប់ពីនេះ រាងកាយរបស់អ្នក ចាប់ផ្ដើមដុតកម្ទេចកាឡូរីក្នុងល្បឿនយឺតៗ ដែលជាសញ្ញាបង្ហាញថា វាលឿនជាងការឡើងទម្ងន់ធម្មតា។ ទោះជាយ៉ាងនេះក្ដី ការបាត់បង់មិនមែនទាំងអស់នោះទេ កីឡាលើកយកសាច់ដុំ (ដូចជាកីឡាលើកដុំដែក) បង្ហាញពីការធ្វើឱ្យរាងកាយរឹងមាំ ដុតជាតិខ្លាញ់ក្នុងខ្លួន និងផលិតសារជាតិអ័រម៉ូនសម្រាប់លូតលាស់ សកម្មភាពទាំងនេះជាសកម្មភាពបង្កើនដំណើរការរំលាយអាហារក្នុងខ្លួន។ មិនថាអ្នកស្ថិតក្នុងវ័យណាទេ ការធ្វើលំហាត់ប្រាណដ៏ទៀងទាត់មួយ (៣០នាទីជារៀងរាល់ថ្ងៃ ពី២ ទៅ៣ដងក្នុងមួយសប្ដាហ៍) នឹងផ្ដល់អត្ថប្រយោជន៍ដល់អ្នកក្នុងរយៈពេលខ្លី និងវែង។
៣. ការត្រួតពិនិត្យរាងកាយមួយឆ្នាំម្ដង
វាមិនមែនជាការភ្ញាក់ផ្អើលទេ ការត្រួតពិនិត្យមួយតួខ្លួនដែលត្រូវធ្វើឡើងយ៉ាងហោចណាស់មួយឆ្នាំម្ដង មានសារៈសំខាន់ជាចាំបាច់ ដើម្បីថែទាំសុខភាពរបស់អ្នកឱ្យស្ថិតក្នុងស្ថានភាពល្អប្រសើរ ថែមទាំងជួយបង្ការជំងឺនានានៅពេលអនាគតផងដែរ។ ការត្រួតពិនិត្យពេញមួយតួខ្លួន នឹងធ្វើតេស្តរាងកាយរបស់អ្នក ចំណែកឯការពិនិត្យឈាម ជួយកំណត់អំពីសារជាតិខូឡេស្តេរ៉ូល ស្ករក្នុងឈាម កម្រិតនៃចរន្តឈាម និងរោគសញ្ញាផ្សេងៗ។ ដំណើរការទាំងនេះ គឺជាសកម្មភាពបញ្ជាក់អំពីស្ថានភាពសុខភាពរបស់អ្នក។ សូមទៅជួបគ្រូពេទ្យមួយឆ្នាំម្ដង ក្នុងវ័យ២០ ឬ ៣០ឆ្នាំ ដើម្បីពិភាក្សាអំពីវិធីសាស្រ្តណាខ្លះដែលអ្នកអាចកែលម្អការរស់នៅប្រចាំថ្ងៃរបស់អ្នក ដើម្បីទទួលបាន សុខភាពល្អនៅថ្ងៃអនាគត។ ចំពោះស្ដ្រីគឺមានសារៈសំខាន់ណាស់ដែលត្រូវត្រួតពិនិត្យសុដន់ដោយខ្លួនឯង យ៉ាងហោចណាស់មួយខែម្ដង ដើម្បីរកមើលដុំសាច់ ឬទឹកដោះ ដែលអាចជាសញ្ញានៃជំងឺមហារីកសុដន់។
៤. អនុវត្តវិធីសាស្រ្តការពារស្បែក
មហារីកស្បែកកើតចេញពីការខូច DNA នៅក្នុងកោសិកាស្បែក។ ដូចនេះអ្នកត្រូវធ្វើការការពារឱ្យបានត្រឹមត្រូវបំផុតតាមលទ្ធភាពដែលអាចធ្វើបាន ជាពិសេសប្រសិនបើអ្នកធ្វើការនៅក្រោមកម្ដៅថ្ងៃញឹកញាប់ ឬធាតុអាកាសដែលពេញដោយកម្ដៅថ្ងៃ។ បន្ថយការខូចកោសិកាស្បែករបស់អ្នក ការពារស្បែកដោយប្រើឡេការពារកម្ដៅថ្ងៃ ពាក់មួក ឬបាំងឆត្រនៅពេលដែលអ្នកនៅក្រោមកម្ដៅថ្ងៃ។ ការអនុវត្តវិធីសាស្រ្តថែរក្សាស្បែក ហាក់ដូចជាវិធីស្វែងរកការថែទាំសោភ័ណភាព ប៉ុន្តែវាមានមុខងារថែទាំសុខភាព ថែមទាំងជួយការពារ ឬកាត់បន្ថយស្នាមជ្រីវជ្រួញ និងការប្រែពណ៌របស់ស្បែកផងដែរ។ អនាម័យជាមូលដ្ឋាននៃការថែទាំស្បែក ក៏មានសារៈសំខាន់ផងដែរ ដើម្បីបញ្ចៀសការវិវឌ្ឍរបស់មេរោគស្បែក។
៥. គេងគ្រប់គ្រាន់
យោងតាមសមាគមអ្នកប្រើប្រាស់នៅកោះ PENANG ថា ប្រជាជនម៉ាឡេស៊ី បានគេងគិតជាមធ្យមភាគចំនួន ៦,៤ម៉ោងក្នុងមួយថ្ងៃ ដែលចំនួននេះស្ថិតនៅក្រោមរយៈពេល៨ម៉ោងក្នុងមួយថ្ងៃតាមការណែនាំ។ សារៈសំខាន់នៃការទទួលទានដំណេកដ៏ទៀងទាត់មួយ មិនអាចបង្កើតឱ្យមានភាពធុញថប់ច្រើនឡើយ។ រាងកាយដែលបានសម្រាកជួយជួសជុល និងព្យាបាលជាលិកា និងកោសិកានានា។ ចំណែកការទទួលទានដំណេកមិនគ្រប់គ្រាន់ ត្រូវបានទទួលស្គាល់ថាបានបង្កើនហានិភ័យនៃជំងឺបេះដូង និងលើសឈាម។ ជំហានជាមូលដ្ឋានទាំងនេះ ហាក់ដូចជាតិចតួចណាស់នៅថ្ងៃនេះ ប៉ុន្តែការអនុវត្តតាមជំហានទាំងនេះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកនឹងបង្ហាញឱ្យឃើញពីប្រសិទ្ធភាពក្នុងរយៈពេលវែង។ រាងកាយក្នុងថ្ងៃអនាគតរបស់អ្នក នឹងអរគុណអ្នក! តើបញ្ហាតែមួយគត់ដែលអ្នកអាចធ្វើបាននៅថ្ងៃនេះសម្រាប់ថ្ងៃស្អែកដែលពោរពេញដោយភាពល្អប្រសើរនោះជាអ្វី?
ដកស្រង់ចេញពី៖ HTTPS://WWW.AIA.COM.KH/KH/WHAT-MATTERS/HEALTH