អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ : “អុជធូបរាល់ថ្ងៃដឹងទេថា ចំនួនធូបដែលយើងអុជមានអត្ថន័យផ្សេងៗគ្នាបែបណាខ្លះ?”
អត្ថបទដកស្រង់ដោយ : តេង តាំងគា
#MJQE #AmericanInterconSchool
តាមទំនៀមទម្លាប់ខ្មែរពីបុរាណមកតែងតែមានការជឿជាក់លើការអុជទាន និងធូប ព្រោះតែគេយល់ថា នៅពេលអុជធូបផ្សែងធូបនោះនឹងនាំយកនូវកុសលផលបុណ្យ ដែលយើងបានធ្វើអស់ទាំងនោះនាំទៅជូនដល់សាច់ញាតិទាំងអស់របស់យើងដែលបានចែកឋានទៅកាន់ឋានខាងមុខទៅហើយនោះ។
ត្បិតតែទម្លាប់នៃការអុជទានធូបនេះមានប្រវត្តិ និងការប្រតិបត្តិមកជាយូរលង់ហើយយ៉ាងណាក្តី ក៏ប្រជាជនខ្មែរភាគច្រើន នៅតែមិនទាន់បានដឹងច្បាស់នៅឡើយនោះទេ អំពីអត្ថន័យនៃ ចំនួនសរសៃធូប ដែលយើងតែងអុជ ទៅតាមកម្មវិធីនីមួយៗ។ ជារួមយើងមិនមែន ចេះតែអុជផ្តេសផ្តាសនោះទេ ព្រោះចំនួនធូបដែលយើងអុជ សុទ្ធតែមានអត្ថន័យរៀងៗគ្នា។ ហេតុនេះ ដើម្បីស្រាយចម្ងល់ ក៏ដូចជាការចែកជូននូវចំណេះដឹងបន្ថែមទាក់ទងទៅនឹងអត្ថន័យមានដូចខាងក្រោម៖
១. ការអុជធូបចំនួន១សរសៃ គឺតំណាងឱ្យការកើតមកមានតែមួយ ទៅវិញក៏តែមួយ។
២. ការអុជធូបចំនួន៣សរសៃ គឺគេដុតដើម្បីរំឭកនឹងគុណ នៃព្រះរតនត្រ័យ ទាំង៣ មានគុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។ មួយវិញទៀតគឺរំឭកនឹកគុណដល់ព្រះទាំង៣ព្រះអង្គ ដែលលោកបានត្រាស់ដឹងជា ព្រះសម្មាសម្ពុទ្ធ និងមួយទៀតតំណាងឱ្យសច្ចពិតនៅក្នុងលោក ដែលមានអនិច្ចំ ទុក្ខំ អន្តោ។
៣. ការអុជធូបចំនួន៤សរសៃ គឺតំណាងឱ្យធាតុរបស់មនុស្សយើង មានធាតុទឹក ដីភ្លើង ខ្យល់។
៤. ការអុជធូបចំនួន៥សរសៃ គឺតំណាងឱ្យបញ្ចក្ខន្ធទាំង៥ រួមមាន រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ។ ម្យ៉ាងវិញទៀត អុជធូប៥សរសៃនេះ ក៏តំណាងឱ្យព្រះទាំង៥ព្រះអង្គផងដែរ។
៥. ការអុជធូបចំនួន៨សរសៃ គឺតំណាងឱ្យអដ្ឋង្គិកមគ្គ ដែលជាផ្លូវមួយធ្វើឱ្យដឹង និងយល់ច្បាស់នូវអ្វីដែលជាធម៌ពិត យល់ពីភាពសច្ចពិតរបស់មនុស្សលោកជាផ្លូវនូវសេចក្តីរំលត់ទុក្ខ ហើយក៏អាចនាំទៅកាន់និពាន្វជាដើម។
៦. ការអុជធូបចំនួន១២សរសៃ គឺដើម្បីនឹករំឭកទៅដល់គុណមាតា ព្រោះមាតាតំណាងឱ្យគុណធាតុទន់ខ្សោយជាមនុស្សស្រី ដែលមានចិត្តទោរទន់ចំពោះបុត្រាបុត្រីទាំងអស់។
៧. ការអុជធូបចំនួន២១សរសៃ គឺដើម្បីនឹករំឭកទៅដល់គុណបិតា ព្រោះបិតាតំណាងឱ្យធាតុរឹងបានផ្តល់កំណើតទៅដល់កូន មានក្តីស្រលាញ់ចំពោះកូនប្រុសស្រីទាំងឡាយ។
៨. ការអុជធូបចំនួន៣៨សរសៃ គឺដើម្បីរំឭកនឹកគុណដល់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គបានត្រាស់សម្តែងឱ្យពពួកមនុស្ស ទេវតា ឥន្ទ្រព្រហ្មទាំងអស់បានយល់ដឹងនូវមង្គលទាំង៣៨ប្រការ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.facebook.com/%E1%9E%9F%E1%9E%80%E1%9F%92%E1%9E%80%E1%9E%B6%E1%9E%9A%E1%9F%8824h-101217208389286