ទំនៀមទម្លាប់នៃពិធីចូលម្លប់កូនស្រី

ទំព័រដើម / ទំនៀមទម្លាប់នៃពិធីចូលម្លប់កូនស្រី

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី

ក្រោមប្រធានបទ “ទំនៀមទម្លាប់នៃពិធីចូលម្លប់កូនស្រី”

អត្ថបទដកស្រង់ដោយ : ប៉ែន មាលតី

#MJQE #AmericanInterconSchool

«ពិធីចូលម្លប់» គឺជាពិធីឆ្លងវ័យរបស់ក្មេងស្រីពេញវ័យ (វ័យគ្រប់ការ) ឱ្យឆ្លងកាត់ការរស់នៅក្នុងបន្ទប់ ឬក្នុងផ្ទះដែលជាម្លប់ ប្រៀបបីដូចជាការបន្ទំខ្លួនក្នុងផ្ទៃម្តាយ រង់ចាំកើតនៅថ្ងៃចេញម្លប់ តែការកើតនេះមិនមែនជាទារកទេ គឺក្លាយជាមនុស្សវ័យដែលអាចរៀបការប្តីបាន។

គោលបំណងពិធីចូលម្លប់ :

ពិធីឆ្លងវ័យនេះមានគោលបំណងសំខាន់ៗដូចជា ការប្រកាសពីភាពពេញក្រមុំនៃកូនស្រី បន្ទំសម្បុរ និងអប់រំរូបរាងកាយឱ្យកូនស្រីបំពេញលក្ខណៈចរិយាសម្បត្តិ វិជ្ជាមេផ្ទះ និងវិជ្ជាជីវៈឱ្យកូនស្រីដើម្បីទាក់ទាញអារម្មណ៍ញាតិមិត្តតាមរយៈរូបរាងកាយ ចរិយា និងវិជ្ជា។

ចូលម្លប់ :

គេបញ្ចូលម្លប់កូនស្រីមិនមើលពេលវេលាទេ គឺសម្រេចយកថ្ងៃណាមួយដែលនាងមករដូវជាលើកទីមួយ ។ ចំណែកពិធីក៏មិនមានរៀបចំអ្វីធំដុំទេ គឺគ្រាន់តែឱ្យឪពុកម្តាយនាងជម្រាបដល់សាច់ញាតិជិតដិតឱ្យបានដឹងថា កូនស្រីឈ្មោះនេះ បានបញ្ចូលម្លប់នៅថ្ងៃណាមួយនោះជាកាស្រេច។ ជាទូទៅការចូលម្លប់មានរយៈពេលចាប់ពី៣ទៅ៦ខែ ឬអាចលើសពីនេះតាមលទ្ធភាពគ្រួសារនីមួយៗ។ នៅថ្ងៃបញ្ចូលម្លប់គេរៀបចំសែនព្រេនអុជធូបទៀនជម្រាបដូនតា និងប្រកាសចំពោះវត្ថុស័ក្តិសិទ្ធិឱ្យបានដឹងឮ អំពីការចូលម្លប់របស់កូនស្រី និងសុំសេចក្តីសុខសប្បាយ។ ប្រការសំខាន់ត្រូវគិតគូរពីអ្នកជួយបម្រើសេចក្តីត្រូវការរបស់នាង និងជួយបណ្តុះបណ្តាលនាង។ រឿងសំខាន់មួយទៀត ត្រូវត្រៀមលក្ខណៈសម្រាប់ថ្ងៃបញ្ចេញម្លប់ ដោយមានបម្រុងគ្រឿងហូបចុកសម្រាប់ភ្ញៀវដែលត្រូវមកចូលរួមពិធី។

ត្រណមពេលចូលម្លប់ :

សម្លៀកបំពាក់៖ ស្លៀកពាក់ឱ្យបានជិតអាវដៃវែង ខោ ឬសំពត់វែងនៅក្នុងបន្ទប់មិនឱ្យត្រូវពន្លឺ។ ចេញក្រៅបន្ទប់បានលុះណាទ្វារផ្ទះបិទជិត។ ឆាប់ចូលសម្រាក រៀនធម៌កាន់សីល៥ សីល៨ ដើម្បីឱ្យចិត្តស្ងប់។

អាហារ៖ អាហារបួសគ្មានជាតិសាច់ឡើយ បានត្រឹមថ្ងៃត្រង់ (ម៉ោង១២) បាយឆាបន្លែប្រេងឆា (ចៀសវាងប្រើទឹកត្រី) ប្រភេទបន្លែអ្វីក៏បានអាចស្ងោរជ្រលក់នឹងអំបិល សៀង ឬទឹកតៅហ៊ូហូប។

ឥរិយាបថ៖ ដេក ដើរ ឈរ អង្គុយនោះឱ្យបានសមរម្យ រៀនថ្នមខ្លួន មិនលោតហក់ រត់ ឬធ្វើអ្វីប្រញាប់ឡើយ ដេកក្នុងបន្ទប់របស់ខ្លួន។ និយាយស្តីមិនឱ្យឮទៅក្រៅផ្ទះ មិនឱ្យក្មេងប្រុសក្រៅផ្ទះឃើញ ប៉ុន្តែបងប្អូនប្រុសបង្កើត និងឪពុកអាចឃើញបាន។

ការថែទាំខ្លួន៖ រមៀត ឬពន្លៃបុក ឬកិនឱ្យម៉ត់លាយនឹងទឹកឃ្មុំបន្តិចរួចយកលាបខ្លួនប្រហែល២០នាទី។ សម្រាប់អ្នកមកសួរសុខទុក្ខ បងប្អូន ឬមិត្តភក្តិស្រីៗអាចមកជាធម្មតា ប៉ុន្តែហាមអ្នកពោះធំ និងអ្នកមានរដូវ។

ចេញម្លប់ :

តាមទំនៀមទម្លាប់ខ្មែរពិធីចេញម្លប់មានរយៈពេល២ថ្ងៃ១យប់ ដោយគិតពីថ្ងៃចូលពិធី និងថ្ងៃឆ្លងពិធី ឬថ្ងៃបង្ហើយ។ នៅក្នុងពិធីចេញម្លប់នេះមានពិធីតូចៗមួយចំនួនទៀតដូចជា ពិធីកាត់ស្លឹក ពិធីបុកល័ក្ត ពិធីធ្វើធ្មេញបំពេញលក្ខណ៍ និងពិធីជីកខ្ញែជាដើម។

គួរបញ្ជាក់ថា ពិធីចូលម្លប់មានតាំពីយូរណាស់មកហើយ ប៉ុន្តែគេមិនបានដឹងច្បាស់ថា មានតាំងពីពេលណាមកនោះទេ។ បើតាមការស្រាវជ្រាវបានឱ្យដឹងថា ពិធីចូលម្លប់នេះត្រូវបានប្រជាជនខ្មែរនិយមប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រហូតមកដល់ចុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ចន្លោះឆ្នាំ១៩៣០-១៩៤០ ទើបគេពុំសូវឃើញមានការប្រារព្ធពិធីគ្រប់ទីកន្លែងនៅប្រទេសកម្ពុជាដូចកាលពីមុនទៀតឡើយ។

បច្ចុប្បន្នគេពុំសូវប្រទះឃើញការធ្វើពិធីនេះទេ ប៉ុន្តែមានតំបន់មួយចំនួនដែលនៅតែអនុវត្តពិធីនេះនៅឡើយ ដូចជានៅភូមិមួយចំនួនក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ភូមិមួយចំនួននៅស្រុកបាធាយ ខេត្តកំពង់ចាម និងភូមិខ្លះទៀតនៅស្រុកសូត្រនិគម ខេត្តសៀមរាប។ ចំណែកនៅតំបន់ដ៏ទៃទៀត បើទោះជាមានធ្វើពិធីប្រពៃណីនេះ ក៏ជាករណីដែលកម្រមានដែរ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.cambo-times.com/archives/11635

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ