ការឈ្នះពានរង្វាន់នៃសៀវភៅ កេរដំណែលស្នាដៃម្ហូបខ្មែរ ជាមោទកភាព និងកិត្តិយសសម្រាប់កម្ពុជា

ទំព័រដើម / ការឈ្នះពានរង្វាន់នៃសៀវភៅ កេរដំណែលស្នាដៃម្ហូបខ្មែរ ជាមោទកភាព និងកិត្តិយសសម្រាប់កម្ពុជា

អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត

ក្រោមប្រធានបទ “ការឈ្នះពានរង្វាន់នៃសៀវភៅ កេរដំណែលស្នាដៃម្ហូបខ្មែរ ជាមោទកភាព និងកិត្តិយសសម្រាប់កម្ពុជា”

អត្ថបទដកស្រង់ដោយ : លីម រតនៈ

#MJQE #AmericanInterconSchool

សៀវភៅ កេរដំណែលស្នាដៃម្ហូបខ្មែរ (The Taste of Angkor) ត្រូវបានប្រកាសថាទទួលជ័យលាភីជាថ្មីនៃពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក នៅក្នុងកម្មវិធីប្រកួតពានរង្វាន់សៀវភៅមុខម្ហូបពិភពលោកប្រចាំឆ្នាំ២០២៣នេះ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី២៩ ខែវិច្ឆិកា។ ការទទួលជ័យលាភីនេះ គឺបន្ទាប់ពីវិទ្យាស្ថានការទូតកម្ពុជានៃក្រសួងការបរទេសបានផលិតវីដេអូឃ្លីប ដែលបង្ហាញពីការចម្អិនម្ហូបខ្មែរ៧មុខ និងបង្អែម២មុខ ដកស្រង់ពីសៀវភៅស្នាដៃម្ហូបខ្មែរ។

ក្រសួងការបរទេសកម្ពុជា បានប្រកាសថាសៀវភៅ កេរដំណែលស្នាដៃម្ហូបខ្មែរ ដែលរៀបរៀង និងចងក្រងដោយក្រសួងផ្ទាល់ ពិតជាបានឈ្នះពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក នៅក្នុងកម្មវិធីប្រកួតពានរង្វាន់សៀវភៅមុខម្ហូបពិភពលោកប្រចាំឆ្នាំ (The Gourmand World Cookbook Awards) ខណៈដែលកម្មវិធីប្រកួតប្រជែងនេះ បានធ្វើឡើងដំណាលគ្នានឹងបុណ្យអាហារនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ការឈ្នះពានរង្វាន់ពិភពលោកនៃសៀវភៅម្ហូបខ្មែរនៅពេលនេះ គឺជាលើកទី៣ហើយ ចាប់តាំងពីឆ្នាំ២០២១មក ដែលកម្ពុជាទទួលបានពាន ពោលគឺនៅឆ្នាំ២០២១ និងឆ្នាំ២០២២ សៀវភៅ កេរដំណែលស្នាដៃម្ហូបខ្មែរ បានទទួលជ័យលាភីជាសៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ និងសៀវភៅមុខម្ហូបសម្រាប់ប្រមុខរដ្ឋ។ ការទទួលបានពានរង្វាន់នេះ ត្រូវក្រសួងការបរទេសចាត់ទុកថាជាជោគជ័យមួយនៃការទូតអាហារ តាមរយៈយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដែលបានចាប់ផ្តើមកាលពីឆ្នាំ២០២១សំដៅលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ និងជាផ្នែកមួយជួយដល់រដ្ឋាភិបាលក្នុងការសម្រេចចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

 

សូមរំលឹកថា កម្មវិធីប្រកួតពានរង្វាន់សៀភៅមុខម្ហូបពិភពលោក បានបង្កើតឡើងនៅឆ្នាំ ១៩៩៥ ដោយជនជាតិបារាំងមួយរូប គឺលោក Edouard Cointreau ក្នុងគោលបំណងគាំទ្រនូវប្រពៃណីចម្អិនអាហារពីគ្រប់ទិសទីនៃពិភពលោក។ បន្ទាប់ពីឆ្លងកាត់ការប្រកួតនេះរួចមក វាបានបង្ហាញពីគោលបំណងដែលជួយឱ្យបេសកកម្មការទូតនៅបរទេសយល់អំពីមុខម្ហូបខ្មែរ របៀបចម្អិនអាហារពិត ពន្យល់ពីប្រវត្តិសាស្ត្រ និងផ្សព្វផ្សាយអាហារ និងវប្បធម៌ខ្មែរ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគបរទេស ព្រមទាំងពង្រីកការនាំចេញកសិផលកម្ពុជា។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.rfi.fr/km

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ