តើអ្នកគួរជ្រើសរើសមុខជំនាញអ្វី សិក្សានៅសាកលវិទ្យាល័យមួយណា?

ទំព័រដើម / តើអ្នកគួរជ្រើសរើសមុខជំនាញអ្វី សិក្សានៅសាកលវិទ្យាល័យមួយណា?

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “តើអ្នកគួរជ្រើសរើសមុខជំនាញអ្វី សិក្សានៅសាកលវិទ្យាល័យមួយណា?”
អត្ថបទដកស្រង់ដោយ : ពៅ វិច្ឆ័យ
#MJQE #AmericanInterconSchool

សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សានៅវិទ្យាល័យ ច្បាស់ជាត្រៀមចាប់ផ្តើមវិថីសិក្សាថ្មីថ្នាក់មហាវិទ្យាល័យ។ ប៉ុន្តែសិស្សានុសិស្សមួយចំនួនធំនៅមិនទាន់ដឹងច្បាស់ ថាតើពួកគាត់គួរជ្រើសរើសជំនាញអ្វី ហើយសិក្សានៅសាកលវិទ្យាមួយណា ដើម្បីសម្រេចគោលដៅអនាគតរបស់ខ្លួន។ ខាងក្រោមនេះជាកត្តាមួយចំនួនសម្រាប់ជំនួយស្មារតីសិស្សានុសិស្សក្នុងការសម្រេចចិត្តជ្រើសរើស។

៣ចំណុចធំៗដែលអ្នកគួរជ្រើសរើសមុខជំនាញសិក្សា៖ 
១. ចំណង់ចំណូលចិត្តខ្លួនឯង :
សួរថាខ្លួនឯងចូលចិត្តអ្វី ចង់ធ្វើអ្វីឱ្យច្បាស់លាស់ ព្រោះការសម្រេចចិត្តរៀនអ្វីមួយមានន័យថា យើងនឹងត្រូវធ្វើការងារនោះអស់មួយជីវិត។ ដូច្នេះហើយយើងត្រូវពិចារណាឱ្យបានល្អិតល្អន់ ព្រមទាំងស្វែងយល់ពីខ្លួនឯងឱ្យបានច្បាស់លាស់សិន មុននឹងធ្វើការជ្រើសរើស។
២. គិតពីទេពកោសល្យរបស់ខ្លួន :
សូមញែកឱ្យច្បាស់ រវាងទេពកោសល្យ និងចំណង់ចំណូលចិត្ត។ មានមនុស្សភាគច្រើនមានការយល់ច្រឡំថា កត្តាទាំងពីរនេះដូចគ្នា តែការពិតវាមិនដូចគ្នានោះទេ ទេពកោសល្យគឺអ្វីដែលយើងមានតាំងពីកំណើត ឧទាហរណ៍ថាយើងចង់ក្លាយទៅជាគ្រូពេទ្យ វាជាចំណង់ចំណូលចិត្តយើង ក៏ប៉ុន្តែយើងជាមនុស្សខ្លាចឈាម ឆាប់ភិតភ័យ ហើយមុខវិជ្ជាដែលតម្រូវឱ្យរៀនមានដូចជា គីមីវិទ្យា ជីវៈវិទ្យាជាដើម តែយើងមិនពូកែមុខវិជ្ជាទាំងនោះទេ។ ប្រសិនបើអ្នកស្ថិតក្នុងស្ថានការណ៍បែបនេះ អ្នកគួរតែផ្លាស់ប្តូរទៅ ព្រោះមុននឹងរៀនអ្វី យើងត្រូវគិតពីទេពកោសល្យរបស់យើងផង កុំឱ្យខាតពេល និងថវិកា។
៣. គិតពីទីផ្សារការងារ :
ក្រៅពីចំណង់ចំណូលចិត្ត និងទេព្យកោសល្យ។ យើងមិនត្រូវចេះតែរៀនៗនោះទេ ប៉ុន្តែយើងត្រូវគិតទៅលើទីផ្សារការងារផងដែរ។ សម្រាប់មុខវិជ្ជាខ្លះ រៀនហើយមិនដឹងទៅធ្វើអ្វី ឬមិនសូវមានទីផ្សារការងារល្អ យើងក៏កុំរៀនអី ផ្ទុយទៅវិញគួរជ្រើសរើសមុខវិជ្ជាអ្វីដែលនៅពេលយើងរៀនចប់ទៅ យើងអាចរកការងារបានស្រួល និងទទួលបានប្រាក់ចំណូលខ្ពស់។

៣ចំណុចធំៗដែលអ្នកគួរជ្រើសរើសសាកលវិទ្យាល័យ៖
១. មើលលើមុខវិជ្ជានៅសាកលវិទ្យាល័យនោះ :
ជាទូទៅសិស្សានុសិស្សចង់រៀននៅស្ថាប័ន ឬសាកលវិទ្យាល័យណាដែលល្អ ដែលល្បីឈ្មោះ។ ប៉ុន្តែត្រូវចាំថា មិនថាកន្លែងនោះល្អប៉ុណ្ណាក៏ដោយ ប្រសិនបើទីនោះពុំមានមុខវិជ្ជាដែលអ្នកចង់រៀនទេ វាក៏មិនមែនជាកន្លែងដែលអ្នកគួរជ្រើសឡើយ។ មួយវិញទៀត កុំធ្វើអ្វីតាមគ្នា តាមមិត្តភក្តិ ទាំងដែលកន្លែងនោះពុំមានមុខជំនាញឱ្យចំទេពកោសល្យរបស់យើង។
២. មើលស្ថានភាពសាកលវិទ្យាល័យនោះ :
យើងត្រូវធ្វើការស្រាវជ្រាវ និងស៊ើបឱ្យដឹងពីព័ត៌មានរបស់សាកលវិទ្យាល័យ ឬស្ថាប័នដែលយើងចង់ទៅសិក្សាជាមុនសិន ប្រសិនបើជាស្ថាប័ននោះមិនមានលំនឹង ពុំមានអ្នកដឹកនាំឱ្យច្បាស់លាស់ និងមិនគួរឱ្យទុកចិត្តទេ យល់ល្អយើងគួរជ្រើសរើសកន្លែងផ្សេងរៀនល្អជាង។ សាកគិតមើលទៅ ប្រសិនបើយើងចំណាយពេលវេលា៤ឆ្នាំសម្រាប់រៀន តែចុងក្រោយមិនទទួលបានសញ្ញាបត្រ ឬអ្នកដ៏ទៃមិនទទួលស្គាល់ចំពោះសញ្ញាបត្ររបស់យើងដែលចេញពីសាលានោះ យើងប្រាកដជាខាតប្រយោជន៍ធំតែម្តង។
៣. មើលតម្លៃសិក្សា :
ជាការពិតណាស់ មានសិស្សានុសិស្សមួយចំនួនមិនមានសមត្ថភាពគ្រប់គ្រាន់រៀននៅសាកលវិទ្យាល័យថ្លៃពេកទេ ដូចនេះអ្នកត្រូវគិតពីតម្លៃមុខវិជ្ជាដែលអ្នកចង់រៀន និងប្រៀបធៀបតម្លៃមុខវិជ្ជានោះនៅតាមសាកលវិទ្យាល័យផ្សេងៗ  ចាំសម្រេចចិត្តជ្រើសរើសពេលក្រោយ ប៉ុន្តែអ្នកគួរគិតពីគុណភាពនៃសាកលវិទ្យាល័យនោះដែរ។ មួយវិញទៀត និស្សិតដែលបានបញ្ចប់ការសិក្សានៅទីនោះ តើមានទីផ្សារការងារយ៉ាងណាដែរ។

ការខិតខំប្រឹងប្រែងនឹងទទួលបានសមិទ្ធផល បើយើងជ្រើសត្រឹមត្រូវ នោះគោលដៅនៅជិតបង្កើយ!

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ