
កញ្ញាទ្រីសុខហៀង
អនុប្រធានគ្រូ នៃកម្មវិធីភាសាអង់គ្លេស សាខាម៉ៅសេទុងកញ្ញាទ្រីសុខហៀង កើតនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩៩៦ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ កញ្ញាបានបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងឆ្នាំ ២០១៤។ កញ្ញាបានចូលរួមកម្មវិធីបណ្តុះបណ្តាលផ្នែកគរុកោសល្យ (TESOL) នៅក្នុងមជ្ឈមណ្ឌលឯកជនមួយ។ ក្នុងឆ្នាំ ២០១៥ កញ្ញាបានបញ្ចប់ការសិក្សាកម្មវិធី GESL ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តដោយមានពិន្ទុខ្ពស់ មុនពេលកញ្ញាទទួលបានអាហារូបករណ៍សិក្សាពីសាកលវិទ្យាល័យកម្ពុជា។ កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិក្នុងឆ្នាំ ២០១៩ ។ បច្ចុប្បន្នកញ្ញាកំពុងបន្តការសិក្សា ថ្នាក់អនុបណ្ឌិតផ្នែកគរុកោសល្យ (TESOL) នៅវិទ្យាស្ថានភាសាបរទេស(IFL) ។
នៅក្នុងឆ្នាំដដែល ដែលកញ្ញាបានសិក្សាកម្មវិធីបណ្តុះបណ្តាលផ្នែកគរុកោសល្យ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលឯកជន ដោយសារការខិតខំប្រឹងប្រែង សកម្មក្នុងការសិក្សា និងទទួលបានលទ្ធផលពិន្ទុខ្ពស់ក្នុងថ្នាក់ កញ្ញាត្រូវបានលោកនាយកសាលាផ្តល់ឱកាសឱ្យបង្រៀនជាគ្រូពេញម៉ោងកម្រិតថ្នាក់បឋមសិក្សានៅសាលាឯកជនមួយ។ ក្នុងអំឡុងពេលធ្វើការ កញ្ញាធ្លាប់ចូលរួមក្នុងសិក្ខាសាលាជាច្រើន ដើម្បីអភិវឌ្ឍជំនាញបង្រៀន។ មិនយូរប៉ុន្មាន កញ្ញាត្រូវបានអនុញ្ញាតអោយបង្រៀនថ្នាក់ភាសាអង់គ្លេសកម្រិតមធ្យមសិក្សា នឹងដឹកនាំសិស្សចូលរួមក្នុងការប្រកួតផ្សេងៗដោយទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។
កញ្ញាបានចូលបម្រើការងារនៅសាលារៀនអន្តរទ្វីបអាមេរិកកាំង ជាគ្រូបង្រៀនពេញម៉ោងនៅសាខាម៉ៅសេទុង នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ 2២០២០។ យោងទៅតាមការខិតខំប្រឹងប្រែង ភាពច្នៃប្រឌិត ទំនួលខុសត្រូវខ្ពស់ និងការប្ដេជ្ញាចិត្តរបស់កញ្ញា កញ្ញាត្រូវបានដំឡើងតួនាទីជាអនុប្រធានគ្រូ នៃកម្មវិធីភាសាអង់គ្លេសនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៣ ដើម្បីជួយសម្រួលដល់កម្មវិធីភាសាអង់គ្លេសសម្រាប់ថ្នាក់មត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងកម្មវិធីចំណេះទូទៅខ្មែរនៅសាលាអន្តរទ្វីបអាមេរិកកាំង។
ក្នុងនាមយើងខ្ញុំជាគណៈកម្មាការនឹងតំណាងឱ្យបុគ្គលិកទាំងអស់សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់នៅសាលារៀនអន្តរទ្វីបអាមេរិកាំង ដែលតែងតែមានទំនុកចិត្តលើសាលារបស់យើងខ្ញុំ នឹងជ្រើសរើសជាជម្រើសដ៏ល្អបំផុត ដើម្បី អភិវឌ្ឍចំណេះដឹងនិងអនាគតរបស់កូនៗលោកអ្នក។