
លោកស្រី ជី សុខវ៉ាន់
ចាងហ្វាងមធ្យមសិក្សាបឋមភូមិ សាខាម៉ៅសេទុងចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ នៃសាលារៀនអន្តរទ្វីបអាទ្វីបអាមេរិកាំង ការិយាល័យកណ្តាល។
ជាបឋម តាំងនាមឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកលោកស្រីជាមាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ដែលបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការជ្រើសរើសសាលារៀន អន្តរទ្វីប អាមេរិកាំងយើងខ្ញុំ ដើម្បីបណ្តុះបណ្តាល ផ្តល់ចំណេះដឹង និងអភិវឌ្ឍបុគ្គលិកលក្ខណៈ រួមទាំងការអប់រំសីលធម៌ដល់កូនៗជាទីស្រឡាញ់របស់លោកអ្នក។ សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលារៀនឈានមុខគេនៅប្រទេសកម្ពុជា ដែលកម្មវិធីសិក្សាត្រូវបានរៀបចំឡើងតាមស្តង់ដាខ្មែរ-អាមេរិកាំង ព្រមទាំងមានការទទួលស្គាល់ពីក្រសួងអប់រំ យុជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះផងដែរ ក្រៅពីមុខវិជ្ជាគោលដែលសាលាបានរៀបចំស្របតាមកម្មវិធីរបស់ក្រសួងអប់រំហើយ ក៏នៅមានអ្វីដែលពិសេសសម្រាប់កូនៗជាទីស្រឡាញ់របស់លោកអ្នកនោះគឺមុខវិជ្ជាបំណិនជីវិត ដូចជាគេហកិច្ច គំនូរ របាំ តន្រ្តី កុំព្យូទ័រ... និងជំនាញកីឡាជាច្រើនទៀតដូចជាការ៉ាតេ ហែលទឹក បាល់បោះ បាល់ទះ... រួមទាំងកម្មវិធីចុះទស្សនកិច្ចសិក្សាដែលជាការចូលរួមក្នុងសកម្មភាពសង្គម និងជាចំនុចសំខាន់ក្នុងការផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃសម្រាប់ប្អូនៗយកទុក ជាបទពិសោធន៍។
ជាការពិតណាស់ សម្រាប់មាតាបិតា អ្នកអាណាព្យាបាល និងលោកគ្រូអ្នកគ្រូ គ្មានអ្វីដែលរីករាយរំភើបជាងពេលដែលឃើញលទ្ធផលរីកចម្រើនរបស់កូនៗ សិស្សានុសិស្សរបស់ខ្លួននោះទេ ព្រោះថាចំណេះដឹងគឺជាអំណាច ការទទួលបានចំណេះដឹងពិតប្រាកដគឺអាចធ្វើឱ្យបុគ្គលគ្រប់រូបមានការជឿជាក់លើខ្លួនឯង អាចអភិវឌ្ឍខ្លួនឱ្យមានការរីកចម្រើន និងឆ្ពោះទៅរកភាពជោគជ័យលើវិថីជីវិតដែលខ្លួនប៉ងប្រាថ្នា។ កត្តាដែលជំរុញសិស្សានុសិស្សទាំងអស់អាចបំពេញក្តីប្រាថ្នា និងទទួលបានជោគជ័យក្នុងជីវិត ក្រៅពីទទួលបានការអប់រំបណ្តុះបណ្តាលពីលោកគ្រូអ្នកគ្រូហើយនោះ គឺទាមទាឱ្យមានការសហការ ការជំរុញនិងលើកទឹកចិត្តពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាល រួមទាំងការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពរបស់ប្អូនៗសិស្សានុសិស្សផ្ទាល់ផងដែរ។
ដរាបណាប្អូនមិនបោះបង់ ប្អូននឹងទទួលបានភាពជោគជ័យនៅថ្ងៃណាមួយ។