
លោក ហ៊ន សុគន្ធា
ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាទួលគោកលោក ហ៊ន សុគន្ធា កើតនៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ១៩៩០ នៅខេត្តកំពង់ឆ្នាំង។ លោកទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងឆ្នាំ២០១០។ បន្ទាប់លោកក៏បានបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ផ្នែកអក្សរសាស្ត្រខ្មែរ) ហើយបានបញ្ចប់ការសិក្សានៅឆ្នាំ២០១៤ នឹងទទួលបានសញ្ញាបត្រកម្រិតបរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ។ ក្រោយមកទៀត លោកក៏បានចូលបម្រើការងារជាគ្រូបង្រៀនផ្នែកបឋមសិក្សានៅរាជធានីភ្នំពេញដោយទទួលបាននូវបទពិសោធន៍ល្អៗជាច្រើនក្នុងរយៈពេញបំពេញការងារជាគ្រូបង្រៀនរបស់ខ្លួន។ ទន្ទឹមនឹងនេះផងដែរ លោកក៏បានសម្រេចចិត្តដាក់ពាក្យសុំចូលបម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ក្នុងតួនាទីជាគ្រូភាសាខ្មែរ ផ្នែកបឋមសិក្សា និងជាគ្រូបន្ទុកថ្នាក់ (ពេញម៉ោង)។
ដោយយោងទៅលើសមត្ថភាពក្នុងការបំពេញការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូ អត់ធ្មត់ក្នុងការបំពេញការងារក្នុងរយៈពេល០៤ឆ្នាំ ដែលលោកបានបម្រើការងារជូនសាលារៀន អន្ដរទ្វីប អាមេរិកាំង លោកក៏ទទួលបានការតំឡើងតួនាទីជា ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។ សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលាបណ្តុះបណ្តាលដែលមានចក្ខុវិស័យច្បាស់លាស់គឺ “គុណភាព វិន័យ សេវាកម្ម” សម្រាប់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋានដើម្បីទទួលការអប់រំប្រកបដោយ គុណភាព និងប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត សិស្សានុសិស្សទាំងអស់នឹងទទួលបានបទពិសោធន៍ថ្មីៗយ៉ាងច្រើនពីសាលារួមមាន ចំណេះដឹង ចំណេះធ្វើ ការរៀនរស់នៅជាមួយគ្នាដែលប្រកបដោយក្រមសីលធម៌។
ក្នុងនាមយើងខ្ញុំជាតំណាងឱ្យបុគ្គលិកផ្នែកបឋមសិក្សាទាំងអស់នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗកុមារទាំងអស់ដែលតែងតែគាំទ្រ និងមានទំនុកចិត្តចំពោះសាលារៀនយើងខ្ញុំ។ តាងនាមឱ្យបុគ្គលិកសិក្សាទាំងអស់ សូមគោរពជូនពរលោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗកុមារទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ!