
លោកស្រី ប៉ែន ពន្លឺ
ចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាទួលគោកលោកស្រី ប៉ែន ពន្លឺ កើតនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ១៩៨២ នៅខេត្តបាត់ដំបង។ លោកស្រីទទួលបានសញ្ញាបត្រមធ្យមសិក្សា គរុកោសល្យ ផ្នែកបឋមសិក្សា នៅក្នុងឆ្នាំ២០០២។ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០០២ លោកស្រីបានចេញទៅបម្រើការងារ ជាគ្រូបង្រៀនផ្នែកបឋមសិក្សា នៅសាលាបឋមសិក្សាបឹងអាជាង ក្នុងខេត្តបាត់ដំបងបានរយៈពេលជិត២ឆ្នាំ។ ក្រោយមក ដោយសារសាលារៀនដែលលោកស្រីទៅបម្រើការនោះនៅឆ្ងាយពីផ្ទះ លោកស្រីក៏សម្រេចចិត្តព្យួរការងារ ហើយក៏បានផ្លាស់ មកធ្វើការជាគ្រូបង្រៀនមត្តេយ្យភាសាអង់គ្លេសពាក់កណ្តាលពេញម៉ោងនៅក្នុងក្រុងបាត់ដំបងវិញ។
ជាមួយគ្នានេះដែរ ក្នុងកំឡុងពេលបំពេញការងារជាគ្រូមត្តេយ្យភាសាអង់គ្លេស លោកស្រីក៏បានចូលសិក្សាថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានគ្រប់គ្រង និងសេដ្ឋកិច្ច(IME) បានរយៈពេលជិតពីរឆ្នាំ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៥ លោកស្រីក៏បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក សិទ្ធ សុខសាន្ត ដែលធ្វើការជាបុគ្គលិកនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងរាជធានីភ្នំពេញ ដែលតម្រូវ ឱ្យលោកស្រីត្រូវប្តូរទីលំនៅ ហើយត្រូវផ្ទេរការងារពីខេត្តបាត់ដំបងមកបម្រើការងារនៅសាលាបឋមសិក្សាសាមគ្គី ក្នុងរាជ ធានីភ្នំពេញវិញ ក្នុងឆ្នាំ២០០៥។
ក្រោយមក ដោយសារលោកស្រីបានទទួលជោគជ័យក្នុងការសម្ភាសចូលធ្វើការនៅ សាលារៀន អន្តរទ្វីប អាមេរិកាំង លោកស្រីក៏បានសម្រេចចិត្តចូលធ្វើការចាប់ពីពេលនោះមក។ ក្នុងកំឡុងពេលធ្វើការ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង អ្នកស្រីបានឆ្លៀតបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅ សកលវិទ្យាល័យភ្នំពេញ អន្តរជាតិ (PPIU) ចាប់ពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៦ រយៈពេលបួនឆ្នាំ ដោយរៀនវេនយប់។ មិនយូរប៉ុន្មាន នៅថ្ងៃ ទី២២ខែកុម្ភៈ ឆ្នាំ២០១៦ លោកស្រីបានទទួលសញ្ញាបត្រកម្រិតបរិញ្ញាបត្រផ្នែកអក្សរសាស្រ្តអង់គ្លេស (គ្រប់គ្រងជំនួញ) ដោយជោគជ័យ។ លោកស្រី ប៉ែន ពន្លឺ បានចូលបម្រើការងារនៅ សាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ ក្នុងតួនាទីជាគ្រូបង្រៀនផ្នែកបឋមសិក្សា (ពេញម៉ោង)។
ដោយយោងទៅលើសមត្ថភាព ការខិតខំប្រឹងប្រែង និងភាពតស៊ូអត់ធ្មត់ក្នុងការបំពេញការងារ លោកស្រីក៏ទទួលបានការតំឡើងតួនាទីជាចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។ លោកស្រីប៉ែន ពន្លឺ បានបំពេញការងារយ៉ាងល្អប្រសើរជូនស្ថាប័នអស់រយៈពេលជិត១៤ឆ្នាំកន្លងមកនេះ។ លោកស្រីគឺជាគ្រូ មួយរូបដែលមានការប្តេជ្ញាចិត្តខ្ពស់ពោរពេញដោយគំនិតច្នៃប្រឌិត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ក្នុងការបំពេញការងារ។ សាលាមានការកោតសរសើរយ៉ាងស្មោះចំពោះលោកស្រីដែលអ្នកស្រីមានការលះបង់ខ្ពស់ និងខិតខំអស់ពីកម្លាំងកាយចិត្តបំពេញការងារ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍស្ថាប័នឱ្យទទួលបានជោគជ័យរហូតមកដល់បច្ចុប្បន្ននេះ។