
លោក អុី ប៊ុនលី
ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ សាខាទួលគោកលោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញប្រវត្តិវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងឆ្នាំ ២០០៣ ហើយបានបន្តចាប់យកជំនាញជាគ្រូបង្រៀនដោយឆ្លងកាត់ការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តមពីវិទ្យាស្ថានជាតិអប់រំ (NIE) នៅក្នុងឆ្នាំ២០០៥។ បន្ទាប់មកទៀត លោកបានបញ្ចប់ដោយជោគជ័យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រវត្តិវិទ្យា ពីរាជបណ្ឌិត្យសភាកម្ពុជានៅក្នុងឆ្នាំ២០០៨។ ជាការពិតណាស់ ការបោះជំហានចូលក្នុងវិថីអប់រំចំណេះដឹងទូទៅ គឺចាប់ផ្តើមពីគ្រូបង្រៀនពេញម៉ោង លើមុខវិជ្ជាប្រវត្តិវិទ្យា និងភូមិវិទ្យានៅសាលារៀន អន្តរទ្វីប អាមេរិកាំង ចាប់តាំងពីសាលានេះចាប់បដិសន្ធិឡើងនៅឆ្នាំ២០០៥។ លោកបានផ្លាស់ប្តូរតួនាទីជាបន្តបន្ទាប់ក្នុងអំឡុងរយៈពេល១៥ឆ្នាំនេះ ពេលខ្លះជាគ្រូក្រៅម៉ោង ពាក់កណ្តាលពេញម៉ោង គ្រូពេញម៉ោង ថែមទាំងមានតួនាទីជាអនុប្រធានក្រុម និងប្រធានក្រុមបច្ចេកទេសមុខវិជ្ជាទៀតផង។ ឆ្លងកាត់បទពិសោធន៍បង្រៀន និងដឹកនាំក្រុមមុខវិជ្ជា អស់រយៈពេលជិត១៥ឆ្នាំ លោកត្រូវបានគណៈគ្រប់គ្រងសាលាប្រគល់តួនាទីថ្មីមួយទៀតជាចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។ ជាមួយនឹងតួនាទី និងទំនួលខុសត្រូវកាន់តែធំជាងមុន ពិតជាផ្តល់អត្ថន័យធំធេងណាស់សម្រាប់លោកដើម្បីការបន្តបំពេញបេសកកម្មរបស់សាលារៀនក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅប្រទេសកម្ពុជាដែលប្រកបដោយគុណភាព សីលធម៌ ភាពជាមេដឹកនាំ និងទំនួលខុសត្រូវ ស្របតាមនិន្នាការពិភពលោកនៃសតវត្សទី២១ ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០។ ជាចុងបញ្ចប់ ដើម្បីឱ្យបេសកកម្មរបស់ពួកយើងទទួលបានជោគជ័យ គឺមិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមគ្រប់មជ្ឈដ្ឋាន ក្នុងនោះរួមមានអ្នកអាណាព្យាបាល សិស្សានុសិស្ស និងសហគមន៍ទាំងមូល ក្នុងការគាំទ្រ ជំរុញ កែលម្អ និងលើកទឹកចិត្ត ក្នុងន័យលើកស្ទួយវិស័យអប់រំជាតិនិយាយជារួម និងសាលារៀន អន្តរទ្វីប អាមេរិកាំងនិយាយដោយឡែក រួមគ្នាបណ្តុះ «ទំពាំងស្នងឬស្សី» របស់យើងឱ្យក្លាយជាបុគ្គលដ៏ប្រសើរនាថ្ងៃអនាគត។
សូមគោរពជូនពរលោកលោកស្រី អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់មានសុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។ សូមអរគុណ។