
លោក ហ៊ុល សារួន
ចាងហ្វាងមធ្យមសិក្សាបឋមភូមិ សាខាទួលគោកខ្ញុំបាទ ហ៊ុល សារួន អតីតជាអ្នកអប់រំ សម្របសម្រួលកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអ្នកមកប្រែ ភាសាបារាំង អង់គ្លេស ខ្មែរ នៅអង្គការក្រៅរដ្ឋាភិបាលមួយ (អង្គការដើម្បីភាពញញឹមនៃកុមារ PSE)។
ការធ្វើការក្នុងរយៈពេលយូរនៅស្ថាប័ន្ថមួយ (រយៈពេល១១ឆ្នាំ) បានធ្វើអោយខ្ញុំមានគំនិតចង់ផ្លាស់ប្តូរទីកន្លែងការងារថ្មី ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ ទទួលនូវអ្វីដែលថ្មី និងដើម្បីបញ្ចេញសមត្ថភាពដែលខ្លួនមាន។ តាមរយៈការសិក្សា បទពិសោធន៍ ការស្រលាញ់ និងដោយសារការគិតថាការបម្រើការងារលើផ្នែក វិស័យអប់រំមានតម្លៃជាងគេ ខ្ញុំបានមើលឃើញនូវសាលាឯកជនមួយដែលខ្ញុំមានបំណងចង់បម្រើការងារ គឺសាលាអន្តរទ្វីបអាមេរិកាំង ដែលជាសាលាធ្វើការបណ្តុះបណ្តាល និងអប់រំដោយផ្តោតលើវិន័យ គុណភាព និង សេវាកម្មជាចម្បង។
ហើយអ្វីដែលជាតម្លៃរបស់សាលាមួយទៀត គឺការបង្រៀនដល់សិស្សអោយមាន ភាពស្មោះត្រង់ មានការទទួលខុសត្រូវខ្ពស់ និងការស្ងប់នូវអំពើពុករលួយ។ ហើយរាល់ជោគជ័យនៃការសិក្សារបស់សិស្ស គឺជាលទ្ធផលដែលចេញពីសមត្ថភាពនៃការខំប្រឹងប្រែងយ៉ាងពិតប្រាកដរបស់ពួកគេដោយផ្ទាល់ ។ ម្យ៉ាងទៀត តាមរយៈកម្មវិធីរបស់សាលា សិស្សបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ទាំងសកម្មភាពស្រាវជ្រាវ មនុស្ស ធ៌ម វប្បវធម៌ សកម្មភាពបំណិន និងសកម្មភាពកំសាន្ត។
ជាការពិតនៅក្នុងប្រទេសមួយ ភាពរីកចម្រើន និងការអភិវឌ្ឍរបស់ជាតិនោះគឺអាស្រ័យទៅលើ គុណភាពនៃការអប់រំរបស់ប្រទេសនោះ ព្រោះវិស័យមួយនេះបានដើរតួនាទីយ៉ាងសំខាន់ ហើយជាវិស័យសេនាធិការក្នុងការបញ្ចេញធនធានមនុស្សដើម្បីបម្រើប្រទេសអោយមានវឌ្ឍនភាព។ មួយវិញទៀត បើក្នុងប្រទេសមួយដែលសម្បូរដោយមនុស្សចេះដឹងមានន័យថាគុណភាពអប់រំល្អ ប្រទេសនោះនឹងពោរពេញទៅដោយធនធានមនុស្សដែលធ្វើការប្រកបដោយសក្តានុពល ប្រកបដោយគុណធម៌ និងសីលធម៌ និងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដូចពាក្យស្លោកមួយបញ្ជាក់បានថា គុណភាពនៃការអប់រំជាគុណភាពនៃការអភិឌ្ឍន៍ជាតិ និងគ្រួសារ។