
លោកស្រី ផែង ស្រីណាង
ប្រធានផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកលោកស្រី ផែង ស្រីណាង កើតនៅឆ្នាំ១៩៨៦ នៅខេត្តព្រៃវែង។ លោកស្រីទទួលបានសញ្ញាបត្រ បរិញ្ញាបត្រគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ ក្នុងឆ្នាំ២០០៧។
លោកស្រីបានចូលបម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ ដែលមានតួនាទីជា ជំនួយការលេខាធិការកម្មវិធីសិក្សា។ ក្រោយពីបំពេញការងារអស់រយៈពេល ៧ឆ្នាំមក លោកស្រីត្រូវបានតំឡើងតួនាទីជាអនុប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ នៅសាខាម៉ៅសេទុង (ការិយាល័យកណ្តាល)។ ក្រោយមកលោកស្រីត្រូវបានតំឡើងតួនាទីជា ប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ រហូតដល់សព្វថ្ងៃនេះ។
បច្ចុប្បន្នផែ្នកនេះបានផ្លាស់ប្តូរឈ្មោះពីផ្នែកលេខាធិការកម្មវិធីសិក្សាទៅជាផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ជម្រាបសួរមាតាបិតា ឬអ្នកអាណាព្យាបាលជាទីគោរព!
សួស្តីប្អូនៗសិស្សានុសិស្សជាទីរាប់អាន!
នាងខ្ញុំឈ្មោះ ផែង ស្រីណាង មានតួនាទីជា ប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា។ ផ្នែកលេខាធិការកម្មវិធីសិក្សាជាផ្នែកមួយចូលរួមចំណែកក្នុងការបំពេញសេវាកម្មទូទៅសម្រាប់តម្រូវការរៀន និងបង្រៀនរបស់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស។ លើសពីនេះ ផ្នែកលេខាធិការត្រូវរៀបចំរាល់ឯកសារសិស្ស និងឯកសារផ្សេងៗ ទៀតរបស់សាលារៀនជាមួយការិយាល័យអប់រំខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភំ្នពេញ។ តួយ៉ាងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាសាលាមួយដែលទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា តាមប្រកាសលេខ1910អយក.ប្រក. ចុះថ្ងៃទី27 ខែវិចិ្ឆកា ឆ្នាំ2006 និងលេខ458អយក.ប្រក. ចុះថ្ងៃទី27 ខែមីនា ឆ្នាំ2007។ អស់រយៈពេល10ឆ្នាំ ដែលនាងខ្ញុំបានបម្រើការងារនៅក្នុងសាលា នាងខ្ញុំសង្កេតឃើញថា សាលារៀនមានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែប តាំងពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ តាមបែបខ្មែរ-អាមេរិកាំង។ ឆ្លងកាត់រយៈពេល12ឆ្នាំ សាលារៀន អន្តរទ្វីប អាមេរិកាំង បានចាក់គ្រឹះយ៉ាងរឹងមាំទាក់ទងនឹងវិស័យអប់រំ នៅក្នុងរាជធានីភំ្នពេញ និងជាសាលាទី1 ដែលលេចធ្លោជាងគេ អំពីគុណភាព វិន័យ និងសេវាកម្ម។ គណៈកម្មាការសាលា ព្យាយាមជ្រើសរើសលោកគ្រូ-អ្នកគ្រូ ដែលមានគរុកោសល្យ និងបទពិសោធន៍ល្អ បន្ទប់សិក្សាបំពាក់ដោយសម្ភារទំនើប បណ្ណាល័យធំទូលាយ កម្មវិធីប្រកួតប្រជែងសមត្ថភាព កម្មវិធីសប្បុរធម៌ និងកម្មវិធីជាច្រើនទៀត ដើម្បីឱ្យសិស្សានុសិស្សទាំងអស់ទទួលបាននូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដ។ក្នុងនាមនាងខ្ញុំជាបុគ្គលិកដែលបម្រើការនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សូមអរគុណយ៉ាងជ្រាវជ្រៅដល់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ដែលបានគាំទ្រសាលារៀន និងសូមជូនពរឱ្យជួបប្រទះតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ និងប្រាថ្នាអ្វីបានដូចបំណង។