កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សហការជាមួយក្រុមហ៊ុន Amru Rice ក្រុមហ៊ុនអង្ករកសិករខ្មែរ និងក្រុមហ៊ុន បាត់ដំបង រ៉ាយ បានរៀបចំសិក្ខាសាលាស្ដីពី “គុណតម្លៃនៃអង្ករខ្មែរ” ដល់សិស្សានុសិស្សនៅសាលប្រជុំ សូវ ហុងគុយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាកណ្ដាល។ ដើម្បីឱ្យសិស្សានុសិស្សស្វែងយល់ទាក់ទងនឹងអង្ករខ្មែរ តើអង្ករប្រភេទណាមានគុណវិបត្តិ និងគុណសម្បត្តិ? ហើយអង្ករណាល្អ អង្ករណាមិនល្អ ព្រមទាំងបានឈ្វេងយល់ពីគុណតម្លៃនៃអង្ករខ្មែរ និងបណ្ដុះផ្នត់គំនិតរួមចំណែកលើកស្ទួយអង្ករខ្មែរថែមទៀត។
ការធ្វើបទបង្ហាញលោក កាន់ គន្ធី នាយកក្រុមហ៊ុន បាត់ដំបង រ៉ាយ បានលើកឡើងថា ប្រជាជនកម្ពុជាពី៨០% ទៅ៨៥% សុទ្ធសឹងជាកសិករ ហើយមនុស្សនៅទូទាំងប្រទេស គឺពឹងផ្អែកទាំងស្រុងទៅលើកសិករ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ។
អង្ករខ្មែរសុទ្ធសឹងជាអង្ករល្អលក្ខណៈធម្មជាតិបើយើងប្រៀបធៀបអង្ករប្រទេសគេវិញ គឺអត្រានៃការប្រើប្រាស់ជីគីមីខ្ពស់ជាងកម្ពុជា។ នាយកក្រុមហ៊ុន បាត់ដំបង រ៉ាយ សង្កត់ធ្ងន់ថា អង្ករដែលប្រើប្រាស់ជីគីមីច្រើនហួសបរិមាណនោះ គឺប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ មានដូចជា អាចកើតនូវជំងឺមហារីក លើសឈាម និងទឹកនោមផ្អែមជាដើម។ គាត់បញ្ជាក់ថាមុននឹងសម្រេចចិត្តថាជ្រើសរើសអង្ករត្រូវគិតថា អង្ករប្រភេទណាដែលមិនប៉ះពាល់ដល់សុខភាព មានការត្រួតពិនិត្យត្រឹមត្រូវមើលប្រភពឱ្យបានច្បាស់លាស់ និងស្លាកសញ្ញាជាដើម។