កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ អ្នកគ្រូ យាន នីន គ្រូបង្គោលថ្នាក់ទី២ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី២ វេនព្រឹក និងវេនរសៀលរៀនធ្វើនំបុ័ងប្រហិតទឹកសៀងនៅអគារ ងិន ហួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ អ្នកគ្រូបានបង្ហាញពីរបៀបធ្វើនំបុ័ងប្រហិតទឹកសៀងតាមដំណាក់កាលដូចជា ៖ ១. ដំបូងត្រូវចិតប្រហិតជាពីរចំណិត រួចយកទៅលាងទឹកឱ្យស្អាត ហើយហាលឱ្យស្រស់ទឹកបន្តិច។
២. ចិតត្រសក់ជាចំណិតៗទ្រវែង រួចយកទៅលាងទឹកឱ្យស្អាត ហើយទុកមួយអន្លើ។
៣. ចាក់ប្រេងឆាចូលក្នុងខ្ទះកម្ដៅឱ្យក្ដៅបន្តិច រួចដាក់ខ្ទឹមសដែលចិញ្ច្រាំរួចចូល បន្ទាប់មកចាក់ទឹកសៀង ប៊ីចេង ស្ករសចូលរម្ងាស់ឱ្យដាច់ទឹក។
៤. បំពងប្រហិតឱ្យឆ្អិនល្អ រួចដួសទុកមួយកន្លែងសិន។
៥. យកនំប៉័ងកាត់ជាពីរកំណាត់ ឬទុកទាំងមូលអាស្រ័យតាមចំណង់ចំណូលចិត្ត ហើយវះពីលើចុះក្រោមហែកវារួចដាក់ត្រសក់និងប្រហិតចូល បន្ទាប់មកទៀតចាក់ទឹកសៀងចូលជាការស្រេច។ បន្ទាប់ពីនំបុ័ងប្រហិតទឹកសៀងត្រូវបានធ្វើរួចរាល់ហើយ អ្នកគ្រូបានបង្ហាញពីរបៀបរៀបចំអាហារដាក់ចានឱ្យបានត្រឹមត្រូវ មានបរិមាណសមរម្យ និងមានសោភ័ណភាព ព្រមទាំងញុំាអាហារដែលបានធ្វើនោះទាំងអស់គ្នាដោយភាពស្និទ្ធស្នាលជាភាតរភាពក្រៃលែង។ លើសពីនេះទៅទៀតក៏អាចយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។