កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ ចាងហ្វាងមធ្យមសិក្សាបឋមភូមិលោក រឿង សុភាព តំណាងគណៈគ្រប់គ្រង សាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា បានដឹកនាំសិស្សថ្នាក់ទី២ ដល់ថ្នាក់ទី១១ មួយចំនួន ដើម្បីចូលរួមប្រកួតដណ្តើមជ័យលាភីគណិតវិទ្យាអូឡាំពិករបស់ប្រទេសសិង្ហបុរី និងសាលាផ្សេងៗក្នុងតំបន់អាស៊ាន ដែលរៀបចំដោយស្ទែម (STEM) កម្ពុជា សហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា នៅសាលាអន្តរជាតិ ហ្សាម៉ាន់។
កម្មវិធីប្រកួតដណ្តើមជ័យលាភីគណិតវិទ្យាលំដាប់ថ្នាក់អាស៊ាននេះ ដើម្បីពញ្ញាក់ស្មារតីពួកគេឱ្យចាប់អារម្មណ៍ចំពោះវិញ្ញាសាប្រកួតដណ្តើមជ័យលាភីគណិតវិទ្យានោះថាមានលក្ខណៈពិសេស និងភាពខុសប្លែកគ្នាយ៉ាងណាខ្លះពីវិញ្ញាសាប្រឡងទូទៅ ហើយពួកគេអាចធ្វើបានកម្រិតណាដែរ?
បេក្ខជនដែលចូលរួមប្រកួតដណ្តើមជ័យលាភីក្នុងកម្មវិធីនេះ មានសិស្សានុសិស្សជាបេក្ខជនប្រមាណ១១០០នាក់មកពីសាលារៀនផ្សេងៗគ្នាទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្នុងចំណោមបេក្ខភាពដែលបានចូលរួមប្រកួតនោះ អង្គការស្ទែម (STEM) កម្ពុជា នឹងជ្រើសរើសបេក្ខភាពដែលទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេ៣រូប គឺលេខ១ លេខ២ និងលេខ៣ ដើម្បីចេញទៅចូលរួមប្រកួតដណ្តើមជ័យលាភីនេះ នៅប្រទេសសិង្ហបុរីតំណាងកម្ពុជាបន្តទៀត។
គោលបំណងនៃកម្មវិធីនេះដើម្បីឱ្យសិស្សានុសិស្សងាកមកចាប់អារម្មណ៍ក្នុងការសិក្សាគណិតវិទ្យា ដោយផ្សាយភ្ជាប់ជាមួយនឹងការចេះដោះស្រាយបញ្ហា ក៏ដូចជាដោះស្រាយលំហាត់ក្នុងមេរៀនប្រកបដោយគុណភាពខ្ពស់ ហើយម្យ៉ាងអាចនិយាយបានកម្មវិធីប្រកួតដណ្តើមជ័យលាភីគណិតវិទ្យាអូឡាំពិកនេះ ក៏មានចតនាលើការអភិវឌ្ឍចំណេះដឹងអប់រំវិទ្យាសាស្រ្តដល់សិស្សផងដែរ។
ជាងនេះទៅទៀត គឺដើម្បីឱ្យសិស្សានុសិស្សបានឈ្វេងយល់ពីសារៈសំខាន់នៃគណិតវិទ្យាក្នុងជីវិតរស់នៅប្រចាំថ្ងៃដែលអាចដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។ ដោយឡែក លទ្ធផលប្រឡងក្នុងថ្ងៃនេះ នឹងប្រកាសនៅថ្ងៃទី៤ ខែឧសភាខាងមុខ។
កាលពីឆ្នាំកន្លងទៅបេក្ខជនដែលទទួលបានជ័យលាភីមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធពីកម្មវិធីប្រកួតប្រជែងដណ្តើមយកជ័យលាភីគណិតវិទ្យា អូឡាំពិកនៃប្រទេសសិង្ហបុរី និងសាលាផ្សេងៗក្នុងតំបន់អាស៊ាន គឺបានទៅលើសិស្សមកពីមកពីសាលារៀន អន្តរទ្វីប អាមេរិកាំង៕