ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯក រាជធានីភ្នំពេញ ប្រចាំសិក្សាឆ្នាំ២០២៣-២០២៤

ទំព័រដើម / ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯក រាជធានីភ្នំពេញ ប្រចាំសិក្សាឆ្នាំ២០២៣-២០២៤

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានរៀបចំការប្រកួតកីឡាបាល់បោះ សិស្សបឋមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញប្រចាំសិក្សាឆ្នាំ២០២៣-២០២៤ វគ្គផ្តាច់ព្រ័ត្រ នៅវិទ្យាល័យ ឥន្រ្ទទេវី។ ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេលមួយសប្តាហ៍កន្លងមកនេះ បានរកឃើញក្រុមខ្លាំងចំនួន០២ ក្នុងចំណោមក្រុមទាំង០៦ ដែលឈានមកដល់វគ្គផ្តាត់ព្រ័ត្រនេះ គឺក្រុមបាល់បោះកុមារី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងសាលាបឋមសិក្សា           ទួលគោក។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះដែរ ក្រុមបាល់បោះកុមារី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានយកឈ្នះលើ សាលាបឋមសិក្សា ទួលគោក ដោយលទ្ធផលពិន្ទុ ១០ ដល់នឹង ៧។ ដូច្នេះ ក្រុមបាល់បោះកុមារី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក្លាយជាម្ចាស់ជើងឯកបាល់បោះក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញប្រចាំសិក្សាឆ្នាំ២០២៣-២០២៤ ហើយត្រូវបានជ្រើសរើសតំណាងឱ្យមណ្ឌលរាជធានីភ្នំពេញ ទៅចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលរៀនចំដោយ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នាពេលខាងមុខនេះ នៅក្នុងរាជធានីភ្នំពេញ។ 
គួរបញ្ជាក់ជូនដែរថា ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញប្រចាំសិក្សាឆ្នាំ២០២៣-២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានសិស្សានុសិស្សមកពីបណ្តាសាលារដ្ឋ និងឯកជនក្នុងរាជធានីភ្នំពេញ ចំនួន០៦ក្រុម ដែលក្នុងនោះរួមមាន ក្រុមបាល់បោះ អន្តរទ្វីប (AIS) សាលាមេតូឌីស្ទ សាលា DON BOSCO សាលាអន្តរជាតិឃីដវើលដ៏ សាលា         ឃើមុល និងសាលាបឋមសិក្សា ទួលគោក។ 

គោលបំណងក្នុងការរៀបចំឡើងការប្រកួតកីឡានេះ ដើម្បីជ្រើសរើសជើងឯកសិស្សបឋមសិក្សារាជធានីភ្នំពេញ លើវិញ្ញាសាបាល់បោះ ព្រមទាំងផ្តល់នូវរង្វាន់លើកទឹកចិត្តឱ្យមានការចូលរួមប្រកួតកីឡាយ៉ាងសកម្ម និងដើម្បីជំរុញឱ្យសិស្សានុសិស្សទាំងអស់មានសុខភាពល្អ កាយសម្បទារឹងមាំ ប្រាជ្ញាឈ្លាសវៃ រឹតចំណងមិត្ដភាព ភាតរភាព ក៏ដូចជាផ្តល់ឱកាសឱ្យប្អូនៗសិស្សានុសិស្សប្រកួតប្រជែងកីឡាប្រកប ដោយភាពសប្បាយរីករាយស្របនឹងវ័យសិក្សា ជាពិសេសដើម្បីដណ្តើមយកជើងឯកតំណាងឱ្យមណ្ឌលរាជធានីភ្នំពេញ ទៅចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤។

សូមបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ កុមារី សាប់ សុម៉ាលីកា សិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប ទទួលបានចំណាត់លេខ៣ លើវិញ្ញាសាអត្តពលកម្ម រត់ចម្ងាយ ១០០០ម វគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រកួតកីឡាសិស្សបឋមសិក្សា ប្រចាំខេត្តសៀមរាប ផងដែរ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ