សិស្សថ្នាក់ទី១២ ចុះទស្សនកិច្ចសិក្សានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

ទំព័រដើម / សិស្សថ្នាក់ទី១២ ចុះទស្សនកិច្ចសិក្សានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ   អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សានុសិស្សថ្នាក់មធ្យមសិក្សា ចុះទស្សនកិច្ចសិក្សានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីឱ្យសិស្សានុសិស្សបានស្វែងយល់ពីសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។​ អតីតមន្ទីរ សន្ដិសុខ ២១ (ស.២១) នៃរបបកម្ពុជាប្រជាធិបតេយ្យ បានដឹកនាំដោយប៉ុល-ពត (ឈ្មោដើម សាឡុតស) នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ មន្ទីរសន្ដិសុខ២១ អក្សរកាត់ មន្ទីរស.២១ ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និងសម្លាប់ក្រោយពេលបានបំពេញសំណុំឯកសារ សេចក្ដីសារភាពចប់សព្វគ្រប់។ នៅថ្ងៃ ៧មករា ឆ្នាំ១៩៧៩ រដ្ឋបានរៀបចំប្រមូលផ្ដុំវត្ថុតាងដែលមាននៅក្នុងមន្ទីរស២១ ដូចជា រូបថត ហ្វីល សំណុំឯកសារសេចក្ដីសារភាពជនរងគ្រោះ សម្ភារធ្វើទារុណកម្ម ខ្នោះកងជើង និងសាកសពជនរងគ្រោះចំនួន១៤នាក់ ដាក់តាំងជាពិព័រណ៍ជូនភ្ញៀវជាតិ និងអន្ដរជាតិទស្សនា។ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានបើកទ្វារនៅថ្ងៃដែលតុលាការប្រជាជនបដិវត្តន៍កម្ពុជាបើកសវនាការកាត់ទោសមេដឹកនាំកម្ពុជាប្រជាធិបតេយ្យ  ប៉ុល-ពត អៀង-សារី  និងខៀវ-សំផន  (នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៧៩)។ ដំណើរទស្សនកិច្ចសិក្សានេះ សិស្សានុសិស្សបានសិក្សាស្វែងយល់ពីរបបប៉ុលពត ការកាប់សម្លាប់រង្គាល ក៏ដូចជាបានឃើញសកម្មភាពធ្វើទារុណកម្ម ការសម្លាប់ និងរូបសំណាកផ្សេងៗដែលជាភស្តុតាងយ៉ាងជាក់ស្តែងដែលមានតម្កល់ទុកនៅក្នុងសារមន្ទីរ។ ដូច្នេះជាការចាំបាច់បំផុត ដែលយើងត្រូវការពារកន្លែងនេះឱ្យបានគង់វង្ស ជាពិសេសឯកសារ និងភស្ដុតាងនានាដើម្បីបញ្ជាក់ និងដក់ងំក្នុងចិត្តនូវអំពើជិះជាន់ សង្កត់សង្កិននៃរបបកម្ពុជាប្រជាធិបតេយ្យ  ហើយកុំអោយរបបនេះវិលត្រឡប់សារជាថ្មីក្នុងសង្គមកម្ពុជាទៀត។

សូមចុចតំណលីងដើម្បីទស្សនារូបភាពបន្ថែម៖

សិស្សថ្នាក់ទី១២ ចុះទស្សនកិច្ចសិក្សានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ